ចិនសម្រេចបិទក្រុងមួយ ដែលមានពលរដ្ឋជាង ១០លាននាក់ ដើម្បីទប់ស្កាត់ការរីករាលដាលមេរោគកូវីដ ១៩ សារជាថ្មីម្តងទៀត
ចិន៖ ទីបំផុតទៅចិនបានសម្រេចបិទក្រុងសំខាន់របស់ខ្លួនមួយបន្ថែមទៀត ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ ១៩ ជាថ្មី ក្រោយក្រុងមួយនោះកើតមានករណីចម្លងមេរោគនៅតាមសហគមណ៍ក្នុងចំណោមពលរដ្ឋចំនួន ៧០ នាក់ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Dailymail ។ ក្រុងមួយនេះមានឈ្មោះថា Harbin ស្ថិតនៅក្នុងខេត្ត Heilongjiang ភាគខាងជើងប្រទេសចិន និងមានប្រជាពលរដ្ឋកំពុងរស់នៅប្រមាណជា ១០ លាននាក់ផងដែរ។ បើតាមអាជ្ញាធរសុខាភិបាលចិនបានឲ្យដឹងថា កាលពីពេលថ្មីៗនេះមានពលរដ្ឋក្រុង Harbin ម្នាក់ជានិស្សិតបានត្រលប់មកពីក្រុងញូវយ៉ក សហរដ្ឋអាមេរិកវិញ ហើយនិស្សិតរូបនោះហើយដែលជាភ្ញាក់ងារចម្លងមេរោគកូវីដ ១៩ ទៅកាន់ប្រជាពលរដ្ឋចិនចំនួន ៧០ នាក់ផ្សេងទៀតនោះ។ អភិបាលនៃគណៈអភិបាលក្រុង Harbin បានប្រាប់ឲ្យដឹងថា ការសម្រេចបិទក្រុងនេះនឹងត្រូវធ្វើឡើងក្នុងរយៈពេល ២៨ ថ្ងៃ ហើយក្នុងអំឡុងពេលនៃការបិទក្រុងនេះ ពលរដ្ឋទាំងអស់មិនត្រូវបានអនុញ្ញាតឲ្យមានការជួបជុំ និងទំនាក់ទំនងគ្នាឡើយបើគ្មានការចាំបាច់។

បន្ថែមពីលើវិធានការនេះ កន្លែងពិនិត្យសុខភាពប្រជាពលរដ្ឋក៏ត្រូវបានបង្កើតឡើងនៅតាមកន្លែងសំខាន់ៗនៅក្នុងទីក្រុងផងដែរ ជាពិសេសគឺតាមព្រលានយន្តហោះនិងច្រកចេញចូលរបស់ទីក្រុងតែម្តង។ របាយការណ៍របស់អាជ្ញាធរសុខាភិបាលចិនបានបង្ហាញថា រាប់ចាប់តាំងពីមានករណីផ្ទុះការចម្លងខាងលើនេះមក មានពលរដ្ឋក្រុង Harbin ជាង ៤ ពាន់នាក់បានទៅធ្វើតេស្តរកមេរោគកូវីដ ១៩ ជាបន្តបន្ទាប់។ ទន្ទឹមនឹងការបិទក្រុងខាងលើនេះ ចិនក៏ទទួលបានដំណឹងល្អមួយផងដែរ គឺគិតមកទល់នឹងពេលនេះក្រុងវូហានដែលជាកន្លែងផ្ដើមមានការរាតត្បាតមេរោគកូវីដ ១៩ ដំបូងនោះ នៅសល់ជនរងគ្រោះតែ ២ នាក់ប៉ុណ្ណោះដែលស្ថិតក្នុងសភាពធ្ងន់ធ្ងរ ក្រៅពីនោះជនរងគ្រោះគឺសុទ្ធតែមានសុខភាពល្អធម្មតានិងអាចជាសះស្បើយ ១០០% ក្នុងពេលដ៏ឆាប់ខាងមុននេះទៀតផង៕






អត្ថបទ៖ ភក្តី
ប្រភព៖ dailymail