អូស្រ្តាលីអំពាវនាវឱ្យពិនិត្យឡើងវិញ នូវប្រភពដើមនៃវីរុសកូវីដ១៩
នាយករដ្ឋមន្រ្តីអូស្រ្តាលី ស្កុត ម៉ូរីសុន (Scott Morrison) បានអំពាវនាវឱ្យមានការពិនិត្យឡើងវិញជាអន្តរជាតិ និងឯករាជ្យមួយ ទៅលើក្នុងប្រភពដើម និងការរាលដាលនៃវីរុស COVID-19 ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Canberra កាលពីថ្ងៃព្រហស្បតិ៍ លោក ម៉ូរីសុន បានជំរុញឱ្យប្រទេសសមាជិកទាំងអស់របស់អង្គការសុខភាពពិភពលោកគាំទ្រការត្រួតពិនិត្យនេះ។

គាត់បាននិយាយថា៖«ប្រសិនបើអ្នកនឹងក្លាយជាសមាជិកនៃក្រុមដូចជាអង្គការសុខភាពពិភពលោក វាគួរតែមានការទទួលខុសត្រូវ និងកាតព្វកិច្ចដែលជាប់ជាមួយ»។ នាយករដ្ឋមន្ត្រីលោក ស្កុត ម៉ូរីសុន ក៏បាននិយាយតាមទូរស័ព្ទជាមួយមេដឹកនាំសហរដ្ឋអាមេរិក បារាំង និងអាឡឺម៉ង់ ដើម្បីតាមយកការគាំទ្ររបស់ពួកគេចំពោះសំណើរបស់គាត់។
លោក ស្កុត ម៉ូរីសុន ជាមេដឹកនាំពិភពលោកថ្មីបង្អស់ ដែលអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីរកការពិតអំពីដើមកំណើតនៃជំងឺរាតត្បាតជាសកលនេះ។ ខណៈដែលប្រព័ន្ធផ្សព្វផ្សាយអាមេរិកមួយចំនួន បានលើកឡើងពីលទ្ធភាពដែលថាវីរុសនេះមានប្រភពដើមនៅក្នុងមន្ទីរពិសោធន៍ស្រាវជ្រាវមេរោគនៅទីក្រុងវូហានប្រទេសចិន។
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយកាលពីសប្តាហ៍មុនថា ពួកគាត់កំពុងធ្វើការពិនិត្យយ៉ាងហ្មត់ចត់លើបញ្ហានេះ។ ចំណែករដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo កាលពីថ្ងៃពុធ បានអំពាវនាវប្រទេសចិនឱ្យយល់ព្រមបើកទ្វារចូលទៅកាន់មន្ទីរពិសោធន៍ក្នុងទីក្រុងវូហាន ដើម្បីពិនិត្យមើលថាតើមេរោគនៅទីនោះត្រូវបានគ្រប់គ្រងត្រឹមត្រូវឬទេ។
អធិការបតីអាល្លឺម៉ង់ Angela Merkel និងរដ្ឋមន្រ្តីការបរទេសអង់គ្លេស Dominic Raab ក៏កំពុងអំពាវនាវឱ្យមានតម្លាភាពកាន់តែខ្លាំងលើប្រភពដើមនៃវីរុស COVID-19 នេះដែរ៕


អត្ថបទ៖ លីដា
ប្រភព៖ NHK