មន្រ្តីស៊ីវិលនៅសាំងហ្គាពួរម្នាក់ត្រូវចាប់ដាក់ពន្ធនាគារ ពីបទប្រកាសតួលេខអ្នកឆ្លងកូវីដ១៩ មុនក្រសួងសុខាភិបាល
មន្រ្តីរាជការនៅសាំងហ្គាពួរម្នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីគាត់បានចែករំលែករបាយការណ៍ចំនួនករណីថ្មីនៃវីរុស COVID-19 ទៅឱ្យសមាជិកនៅក្នុងក្រុមឯកជនមួយ ដែលមិនត្រូវបានអនុញ្ញាតឱ្យមើលព័ត៌មានទាំងនេះឡើយ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា បាននិយាយថា ប៉ូលីសបានចាប់ខ្លួនស្ត្រីជនជាតិសាំងហ្គាពួរ អាយុ ៣៥ឆ្នាំម្នាក់នេះ ក្រោមច្បាប់ការសំងាត់រដ្ឋាភិបាល និងការប្រើប្រាស់កុំព្យូទ័រខុសច្បាប់។

រូបតំណាង
ប៉ូលីសបានទទួលរបាយការណ៍អំពីរឿងហេតុនេះ កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១៩:៤៣នាទី ពីសមាជិកសាធារណៈម្នាក់ដែលថា ចំនួនករណីដែលត្រូវបានបញ្ជាក់ជារៀងរាល់ថ្ងៃនៃវីរុស COVID-19 សម្រាប់ថ្ងៃនោះ ត្រូវបានលេចធ្លាយនៅលើបណ្តាញ Instagram ទោះបីជាក្រសួងសុខាភិបាល (MOH) មិនបានបង្ហាញជាផ្លូវការនូវតួលេខក៏ដោយ។
ការស៊ើបអង្កេតបឋមបានរកឃើញថា ស្ត្រីនោះបានចែករំលែកចំនួនករណី COVID-19 ថ្មីសម្រាប់ថ្ងៃទី១៦ ខែមេសា ដែលពេលនោះមានករណីចំនួន ៧២៨ ទៅឱ្យសមាជិកនៅក្នុងក្រុម WeChat ដែលមិនត្រូវបានអនុញ្ញាតឱ្យទទួលព័ត៌មានប្រភេទនេះទេ។ ក្រោយៗមកទៀតសមាជិកនៅក្នុង WeChat បានបន្តបង្ហោះព័ត៌មានតួលេខមុខក្រសួង ដែលជាលទ្ធផលនាំឱ្យមានការាប់ខ្លួននេះ៕

អត្ថបទ៖ លីដា
ប្រភព៖ The Straits Times