អ្នកទោសនៅ អែលសាវ៉ាឌ័រ រាប់រយនាក់ត្រូវបង្ខំឲ្យអង្គុយជាប់ៗគ្នា ដោយគ្មានគំលាតសុវត្ថិភាពការពារកូវីដ ១៩ ឡើយ ក្រោយពួកគេបានបង្កអំពើហិង្សាទ្រង់ទ្រាយធំនៅក្នុងគុក
អែលសាវ៉ាឌ័រ៖ អ្នកទោសនៅក្នុងប្រទេស អែលសាវ៉ាឌ័រ (El Salvador) រាប់រយនាក់ត្រូវបានគេប្រទះឃើញអង្គុយជាប់ៗគ្នាយ៉ាងកកកុញដោយគ្មានគំលាតសុវត្ថិភាពការពារការចម្លងមេរោគកូវីដ ១៩ ឡើយ ខណៈពួកគេអាចទប់ស្កាត់ការចម្លងមេរោគបានត្រឹមតែពាក់ម៉ាស់ប៉ុណ្ណោះ។ សកម្មភាពនេះត្រូវបានអាជ្ញាធរសុខាភិបាលព្រមានថា វាងាយធ្វើឲ្យផ្ទុះការចម្លងមេរោគកូវីដ ១៩ក្នុងចំណោមអ្នកទោសទាំងអស់នោះខ្លាំងណាស់។ យ៉ាណាក្តីបើតាមលោក Nayib Bukele ប្រធានាធិបតីនៃប្រទេស អែលសាវ៉ាឌ័រ បានឲ្យដឹងថា មូលហេតុដែលធ្វើឲ្យឆ្មាំគុកត្រូវប្រមូលអ្នកទោសមកអង្គុយជុំគ្នាដូចនេះ ក៏ព្រោះតែមានអំពើហឹង្សាមួយបង្កឡើងដោយអ្នកទោសជាបងធំនៅក្នុងគុក និងបានសម្លាប់អ្នកទោសចំនួន ២២ នាក់ផ្សេងទៀតផងដែរ។

ដើម្បីបង្ក្រាបអំពីហិង្សានេះទើបឆ្មាំគុកត្រូវចាប់ក្រុមទោសមកអង្គុយជុំគ្នាដូចនេះ ដើម្បីរកមុខបងធំ និងបញ្ជូនរូបគេចេញពីគុកទៅដាក់នៅកន្លែងឃុំឃាំងដាច់ដោយឡែកមួយផ្សេងទៀត។ បើតាមលោក Nayib Bukele បានបញ្ជាក់ថា បើអាជ្ញាធរមិនធ្វើសកម្មភាពដូចខាងលើនេះទេ គេមិនអាចគ្រប់គ្រងស្ថានភាពនៅក្នុងគុកបានឡើយ ដូចនេះគេត្រូវតែបង្ខំចិត្តធ្វើបើទោះជាដឹងថា វាប្រឈមនឹងការចម្លងមេរោគកូវីដ ១៩ក៏ដោយ។ តែយ៉ាណាក្តី គិតមកទល់នឹងពេលនេះគេនៅមិនទាន់រកឃើញអ្នកទោសណាម្នាក់ក្នុងចំណោមអ្នកទោសទាំងអស់នោះវិជ្ជមានជាមួយនឹងមេរោគកូវីដ ១៩ នៅឡើយទេ។ សូមបញ្ជាក់ថា អែលសាវ៉ាឌ័រ ជាប្រទេសតូចមួយនៅតំបន់អាមេរិកកណ្តាល ហើយគិតមកទល់នឹងពេលនេះ អែលសាវ៉ាឌ័រ មានអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ៣៤៥ ករណី និងស្លាប់ ចំនួន ៨ ករណីផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ dailymail