ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រុមបាតុករហុងកុងបានចេញមកតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលជាថ្មី ក្រោយការរីករាលដាលនៃជំងឺកូវីដ ១៩ បានធូរស្រាលបន្តិច

    BY autoadmin April 28, 2020
    ក្រុមបាតុករហុងកុងបានចេញមកតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលជាថ្មី ក្រោយការរីករាលដាលនៃជំងឺកូវីដ ១៩ បានធូរស្រាលបន្តិច

    ហុងកុង៖ ក្រុមបាតុករហុងកុងបានប្រមូលផ្ដុំគ្នាសារជាថ្មីឡើងវិញ ដើម្បីបន្តសកម្មភាពប្រឆាំងតវ៉ានឹងរដ្ឋាភិបាលកាលពីពេលថ្មីៗនេះ ដែលការតវ៉ានេះគឺជាសកម្មភាពដំបូងហើយរាប់ចាប់តាំងពីរដ្ឋាភិបាលហុងកុងបានសម្រេចបិទក្រុងរបស់ខ្លួនដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ ១៩ តាំងពីខែ មីនា មក។ សកម្មភាពប្រឆាំងតវ៉ាត្រូវបានធ្វើឡើងនៅក្នុងផ្សារទំនើបមួយកន្លែងនៅកណ្តាលទីក្រុងហុងកុង និងមានក្រុមបាតុករចូលរួមប្រមាណជា ៣០០ នាក់។

    បើទោះជាសកម្មភាពនេះបានកើតឡើងក្រោយការរីករាលដាលនៃមេរោគកូវីដ ១៩ បានធូស្រាលបន្តិចមែន តែគេបានមើលឃើញថាការប្រមូលផ្ដុំនេះគឺផ្ទុយទាំងស្រុងទៅនឹងបំរាមរបស់អាជ្ញាធរសុខាភិបាល ដែលបានហាមមិនឲ្យមានការជួបជុំគ្នានៅទីសាធារណៈលើសពី ៤ នាក់ឡើយ ដើម្បីបង្ការការចម្លងមេរោគកូវីដ ១៩។ បើទោះជាយ៉ាងនេះក្តីក្រុមបាតុករហុងកុងបានស្រែកថា ពួកគេមិនបានធ្វើអ្វីខុសច្បាប់ឡើយ ពួកគេគ្រាន់តែចង់បានសេរីភាពនិងប្រជាធិបតេយ្យប៉ុណ្ណោះ ព្រោះសន្តិភាពពេញលេញនិងពិតប្រាកដគឺជារឿងសំខាន់ណាស់សម្រាប់ពលរដ្ឋហុងកុងគ្រប់រូប។

    នៅលើបដារបស់ក្រុមបាតុករវិញបានសរសេរថា ការរំដោះហុងកុងឲ្យមានសេរីភាពវិញគឺជាបដិវត្តក្នុងសម័យកាលរបស់ពួកយើង។ សកម្មភាពប្រឆាំងតវ៉ាលើកនេះមិនត្រូវបានគេមើលឃើញថា មានការបង្រ្កាបធ្ងន់ធ្ងរ ឬបង្កឲ្យមានអ្នកណាម្នាក់របួសឡើយ តែទោះជាយ៉ាងណាក្តី គេនៅចាំបានថាកាលពីសប្តាហ៍មុននេះសកម្មជនហុងកុងដែលតែងតែចេញមុខដឹកនាំការប្រឆាំងតវ៉ាចំនួន ១៥រូប ត្រូវបានអាជ្ញាធរចាប់ខ្លួនផងដែរ។ សូមបញ្ជាក់ជូនថា គោលបំណងធំបំផុតរបស់ក្រុមបាតុករហុងកុងគឺពួកគេចង់ទាមទាផ្ដាច់ទឹកដីពីប្រទេសចិន និងបង្កើតជាប្រទេសឯករាជ្យមួយដោយខ្លួនឯងតែម្តង៕

     

    អត្ថបទ៖ភក្តី

    ប្រភព៖dailymail

    Share This Post: