កូនសិស្សមួយចំនួននៅក្នុងប្រទេសចិនត្រូវបានអនុញ្ញាតឲ្យត្រលប់ចូលរៀនជាធម្មតាវិញហើយ
ចិន៖ សិស្សសាលានៅក្នុងក្រុងចំនួន ២ ក្នុងប្រទេសចិនត្រូវបានអនុញ្ញាតឲ្យត្រលប់ទៅកាន់ថ្នាក់រៀនវិញហើយកាលពីថ្ងៃម្សិលមិញនេះ ក្រោយសាលារៀនបានបិទទ្វារជាង ៣ ខែ ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ ១៩ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន bangkokpost។ ក្រុងសំខាន់ទាំង ២ នេះគឺក្រុងសៀងហៃ និងក្រុងប៉េកាំង ដែលសុទ្ធតែជាបេះដូងសេដ្ឋកិច្ចនៃប្រទេសចិន។
ក្មេងសិស្សសាលាបានសម្ដែងនូវភាពរីករាយជាខ្លាំងដែលពួកគេបានត្រលប់ទៅថ្នាក់រៀនដូចធម្មតាវិញ ព្រោះពួកគេមិនចង់រៀនតាម Online នៅក្នុងផ្ទះរបស់ពួកគេឡើយ។ សិស្សស្រីម្នាក់ឈ្មោះ Hang Huan អាយុ ១៨ ឆ្នាំ បាននិយាយប្រាប់អ្នកសារព័ត៌មានថា ការអង្គុយរៀននៅមុខកុំព្យូទ័រក្នុងផ្ទះតែម្នាក់មិនងាយស្រួលឡើយ ហើយនាងពិតជាធុញខ្លាំងណាស់ពេលដែលមិនបានជួបមិត្តរួមថ្នាក់របស់នាង។

បើទោះជាសាលារៀនបានបើកទ្វារក៏ពិតមែន តែសិស្ស គ្រូបង្រៀន និងបុគ្គលិកក្នុងសាលាទាំងអស់ ត្រូវតែអនុវត្តវិធានការអនាម័យជានិច្ច ដូចជាលាងដៃញឹកញាប់ ពាក់ម៉ាស់ រក្សាគំលាតសុវត្ថិភាព និងត្រួតពិនិត្យសុខភាពជាប្រចាំជាដើម។សម្រាប់ក្រុមអ្នកជំនាញផ្នែកសេដ្ឋកិច្ចនិងសង្គមវិញបានលើកឡើងថា ការសម្រេចបើកសាលារៀនឲ្យដំណើរការវិញនេះគឺជាសញ្ញាល្អមួយដើម្បីធានានូវគុណភាពអប់រំផង និងជួយលើកម្ពស់សេដ្ឋកិច្ចផង ព្រោះពេលសិស្សតូចៗចូលរៀននៅក្នុងសាលាឪពុកម្តាយរបស់ពួកគេក៏មានពេលវេលាច្រើនសម្រាប់ទៅធ្វើការងាររកប្រាក់ចំណូលផងដែរ។ យ៉ាងណាក្តីអ្នកជំនាញបានព្រមានថា គេនៅមិនទាន់អាចឈប់ខ្វល់ពីមេរោគកូវីដ ១៩ បានទេដរាបណាគេនៅមិនទាន់អាចរកឃើញវ៉ាក់សាំងការពារឬថ្នាំព្យាបាល ដូចនេះពលរដ្ឋទាំងអស់ជាពិសេសគឺកូនសិស្សតូចៗត្រូវបន្តអនុវត្តវិធានការអនាម័យនិងធ្វើតាមការណែនាំរបស់អាជ្ញាធរសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន៕

អត្ថបទ៖ ភក្តី
ប្រភព៖ bangkokpost