ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ជំនឿខ្លាំងពេក! ពលរដ្ឋអ៉ីរ៉ង់ជាង ៧០០នាក់បានស្លាប់ ដោយសារព្យាយាមផឹកស្រា ព្រោះជឿថាអាចព្យាបាលជំងឺកូវីដ ១៩

    BY autoadmin April 28, 2020
    ជំនឿខ្លាំងពេក! ពលរដ្ឋអ៉ីរ៉ង់ជាង ៧០០នាក់បានស្លាប់ ដោយសារព្យាយាមផឹកស្រា ព្រោះជឿថាអាចព្យាបាលជំងឺកូវីដ ១៩

    អ៉ីរ៉ង់៖ សារព័ត៌មានអេឡិចត្រូនិច ALJAZEERA បានចុះផ្សាយថា មានពលរដ្ឋអ៉ីរ៉ង់ជាង ៧០០នាក់បានស្លាប់បាត់បង់ជីវិត ដោយការព្យាយាមផឹកស្រាដើម្បីព្យាបាលជំងឺ COVID-19។ បើតាមរបាយការណ៍របស់អាជ្ញាធរសុខាភិបាលនៃប្រទេសអ៉ីរ៉ង់បានបង្ហាញថា គិតចាប់ពីថ្ងៃទី២០ ខែកុម្ភៈ មកដល់ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០នេះ មានពលរដ្ឋអ៉ីរ៉ង់ចំនួន ៧២៨ នាក់មកហើយ ដែលបានស្លាប់ក្រោយពួកគេព្យាយាមផឹកស្រាមានកម្រិតជាតិអាកុលខ្ពស់ខ្លាំង ក្នុងបរិមាណច្រើនលើសកម្រិត រហូតត្រូវពុលស្រានោះស្លាប់តែម្តង។

    តួលេខអ្នកស្លាប់នេះត្រូវបានគេមើលឃើញថា មានចំនួនច្រើនលើលលុបមិនធ្លាប់មានពីមុនឡើយ ហើយបើគេធ្វើការប្រៀបធៀបជាមួយតួលេខឆ្នាំចាស់ គឺអ៉ីរ៉ង់មានអ្នកស្លាប់ដោយពុលស្រាត្រឹមតែ ៦៦នាក់ ប៉ុណ្ណោះនៅក្នុងឆ្នាំ២០១៩។ បើតាមលោក Kianoush Jahanpour ដែលជាអ្នកនាំពាក្យរបស់ក្រសួងសុខាភិបាលអ៉ីរ៉ង់បានឲ្យដឹងថា ជារៀងរាល់ឆ្នាំពលរដ្ឋតែងមានការពុលស្រាស្លាប់ តែក្នុងឆ្នាំ២០២០ អ្នកស្លាប់មានចំនួនច្រើនបំផុតមិនធ្លាប់មានឡើយ។

    បើគេសរុបតួលេខអ្នកស្លាប់វិញគិតមកទល់ពេលនេះ អ៉ីរ៉ង់មានអ្នកស្លាប់ដោយពុលស្រាចំនួន ៥,០១១នាក់ ខណៈ ៩០នាក់ផ្សេងទៀតមានជំងឺភ្នែកធ្ងន់ធ្ងររហូតមើលអ្វីលែងឃើញ ព្រោះតែឥទ្ធិពលនៃគ្រឿងស្រវឹងនេះ។ ចំពោះករណីជំងឺ COVID-19 វិញ គិតមកទល់ពេលនេះអ៉ីរ៉ង់មានអ្នកឆ្លងច្រើនជាង ៩១,០០០ ករណី និងមានអ្នកស្លាប់ចំនួន ៥,៨០៦ នាក់ផងដែរ៕

    អត្ថបទ៖ ភក្តី
    ប្រភព៖ ALJAZEERA

    Share This Post: