អ្នកបញ្ចូលសំឡេងឲ្យតួអង្គរឿង ‘Pokémon’ បានទទួលមរណៈភាព ដោយសាតែជំងឺកូវីដ ១៩
ជប៉ុន៖ លោកស្រី Kumiko Okae ដែលជាអ្នកបញ្ចូលសំឡេងដ៏ល្បីល្បាញរបស់ជប៉ុនត្រូវបានសារព័ត៌មានជប៉ុន Nippon រាយការណ៍ថា បានស្លាប់បាត់បង់ជីវិតហើយក្រោយលោកស្រីបានឆ្លងមេរោគកូវីដ ១៩ កាលពីថ្ងៃទី ៣ ខែមេសាកន្លងមកនេះ។ ប្រភពខាងលើបានបន្តថា លោកស្រី Kumiko Okae ដែលមានឈ្មោះដើមថា Kumiko Owada បានស្លាប់នៅថ្ងៃទី ២៣ មេសា ក្នុងអាយុ៦៣ឆ្នាំ នៅឯនៅក្នុងមន្ទីរពេទ្យក្រុងតូក្យូ បន្ទាប់ពីមេរោគកូវីដេ ១៩ បានបំផ្លាញបេះដូងនិងសួតរបស់គាត់យ៉ាងធ្ងន់ធ្ងរ។

នៅក្នុងជីវិតការងាររបស់គាត់ចាប់តាំងពីឆ្នាំ ១៩៧៥ មក លោកស្រី Kumiko Okae ធ្លាប់បានបញ្ចូលសំឡេងនៅក្នុងខែ្សភាពយន្ត គំនូជីវចល ភាពយន្តឯកសារ ហ្គេម និងស្ពតពាណិជ្ជកម្មល្បីៗជាច្រើនដូចជា ហ្គេម “Renso Game” រឿង“The Dog of Flanders” “The Cat Returns” ហើយស្នាដៃមួយដែលគេមិនអាចបំភ្លេចបាននោះគឺគាត់បានបញ្ចូលសំឡេងនៅក្នុងខ្សែភាពយន្តគំនូជីវចលរឿង ‘Pokémon’ ដោយបញ្ចូលសំឡេងឲ្យតួមន្ត្រីស្រីម្នាក់ឈ្មោះ Jenny។ សម្រាប់ជីវិតឯកជនវិញ លោកស្រី Kumiko Okae មានស្វាមីឈ្មោះ Baku Owada អាយុ ៦៩ ឆ្នាំ និងមានកូនស្រីម្នាក់ឈ្មោះ Miho Owada អាយុ ៣៦ ឆ្នាំ និងមានការងារជាតារាសម្តែង។ ប្រិយមិត្តរបស់ខ្សែភាពយន្ត ‘Pokémon’ ជាច្រើនបានសម្ដែងនូវសេចក្តីក្រៀមក្រំយ៉ាងខ្លាំងចំពោះដំណឹងមរណភាពនេះ និងបានបួងសួងសុំឲ្យវិញ្ញាណក្ខន្ធរបស់លោកស្រីបានទៅសុខគតិភពផងដែរ៕
អត្ថបទ៖ ភក្តី
ប្រភព៖ Nippon