បុរសជនជាតិសាំងហ្គាពួរម្នាក់ ត្រូវគេពិន័យប្រាក់ S$1,500 បន្ទាប់ពីចេញក្រៅផ្ទះមុនបំរាមចេញក្រៅផុតកំណត់ប្រមាណ ៣០នាទី
បុរសម្នាក់ឈ្មោះថា Tay Chun Hsien អាយុ ២២ឆ្នាំ ជាជនជាតិសាំងហ្គាពួរ ត្រូវបានគេផាកពិន័យជាទឹកប្រាក់ ១,៥០០ដុល្លារសាំងហ្គាពួរ បន្ទាប់ពីគាត់បានចេញក្រៅផ្ទះ ៣០នាទី មុនម៉ោងផុតកំណត់បំរាមចេញក្រៅរបស់គាត់។ បុរសនេះត្រូវបានគេឱ្យដឹងថា គាត់ទទួលការបង្គាប់ឱ្យនៅដាច់ដោយឡែកនៅផ្ទះចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែមីនា ម៉ោង ១២ថ្ងៃត្រង់ បន្ទាប់ពីគាត់បានមានទំនាក់ទំនងជាមួយអ្នកឆ្លង COVID-19 ពីមុនៗ នេះបើតាមការចុះផ្សាយរបស់ Channel News Asia។

ក្រោយមកដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ ម៉ោង ១១ និង ៣០នាទី គាត់បានចេញក្រៅផ្ទះទៅទិញអាហារបរិភោគ ដែលវាគឺមុនកំណត់រយៈពេល ៣០នាទី។ ក្រោយមកគាត់ក៏ត្រូវប្រឈមនឹងការឡើងតុលាការ ហើយក៏រកឃើញថាមានពិរុទ្ធនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០នេះផ្ទាល់។ តាមសម្ដីរបស់មេធាវីរបស់គាត់បាននិយាយថា មូលហេតុដែលកូនក្ដីរបស់គាត់ចេញមុនម៉ោងបែបនេះ ក៏ព្រោះតែគាត់យល់ច្រឡំម៉ោងយប់ និងម៉ោងថ្ងៃ (PM & AM) ដោយគាត់ស្មានតែផុតម៉ោងបំរាមតាំងពីម៉ោង ១២យប់។
យ៉ាងណាក៏ដោយពេលនេះគាត់ត្រូវទទួលការពិន័យ ១,៥០០ ដុល្លារសាំងហ្គាពួរ ដោយសារវាជាបទល្មើសដំបូង ហើយគាត់រកឃើញថាមានពិរុទ្ធទាន់ពេល និងមិនបានចេញយូរម៉ោង ឬទៅណាឆ្ងាយឡើយ។ ចំពោះការបំពានបទបញ្ជាដាច់ដោយឡែករបស់គាត់ តាមពិតអាចនឹងត្រូវជាប់ពន្ធនាគាររហូតដល់ ៦ខែ ឬពិន័យជាប្រាក់ជាអតិបរមា ១០,០០០ ដុល្លារសាំងហ្គាពួរ ឬទាំងពីរ៕
អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia