អ្នកជំនាញនិយាយថា ករណីវីរុសកូវីដ១៩ ធ្លាប់មាននៅបារាំងតាំងតែពីខែធ្នូ ចុងឆ្នាំំ២០១៩ មកម្ល៉េះ
លោក Yves Cohen ប្រធានផ្នែកថែទាំសុខភាពមកពីមន្ទីរពេទ្យ Avicenne នៅទីក្រុងប៉ារីស បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា វីរុស COVID-19 ត្រូវបានបង្ហាញខ្លួននៅក្នុងប្រទេសបារាំង តាំងតែពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩។ គាត់បាននិយាយថា ក្រុមគ្រូពេទ្យរបស់គាត់ធ្លាប់បានពិនិត្យឡើងវិញនូវលទ្ធផលតេស្តនៃអ្នកជំងឺចំនួន ២៤នាក់ ដែលមានជំងឺផ្លូវដង្ហើម ហើយពួកគេបានតេស្តអវិជ្ជមានចំពោះជំងឺផ្តាសាយ និងប្រភេទដទៃទៀតនៃក្រុមវីរុសកូរ៉ូណា នៅក្នុងខែធ្នូ និងមករា។ ប៉ុន្តែយ៉ាងណាម្នាក់ក្នុងចំណោមពួកគេ គឺវិជ្ជមានជាមួយវីរុស COVID-19 ។

លោក Yves Cohen បាននិយាយថា អ្នកជំងឺត្រូវបានធ្វើតេស្តជាច្រើនលើកច្រើនសារនៅមន្ទីរពេទ្យ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ ពោលគឺមួយខែមុនពេលបារាំងមានករណីដំបូងត្រូវបានបញ្ជាក់។ អ្នកជំងឺបានឈឺអស់រយៈពេល ១៥ថ្ងៃ ហើយបានចម្លងទៅកូនទាំង ២នាក់របស់គាត់ ប៉ុន្តែប្រពន្ធគាត់មិនឆ្លងទេ។ ប្រពន្ធគាត់គឺជាអ្នកធ្វើការនៅកន្លែងលក់ត្រីក្នុងផ្សារទំនើបមួយ ហើយដើម្បីបញ្ជាក់ពីបញ្ហានេះ គេបានសួរស្ត្រីនោះថាបានប៉ះពាល់ត្រីមកពីចិនទេ? គាត់ថាគ្មានបានប៉ះពាល់អ្វីមកពីចិននោះទេ។ ដូច្នេះហើយគេសន្មតថា បុរសជាប្ដីគឺជាករណីដំបូងបំផុតនៃវីរុស COVID-19 ។ គួរឱ្យដឹងដែរថា គិតត្រឹមថ្ងៃច័ន្ទនេះប្រទេសបារាំងមានករណី COVID-19 ចំនួន ១៦៨,០០០ករណី និងមានអ្នកស្លាប់ ២៤,៨៩៨នាក់៕



អត្ថបទ៖ លីដា
ប្រភព៖ CGTN