សាំងហ្គាពួរដាក់ពង្រាយរ៉ូបូតមានបំពាក់កាមេរ៉ា ដើម្បីដាស់តឿនអ្នកដំណើរពីការរក្សាគម្លាត ការពារការរីករាលដាលនៃវីរុសកូវីដ១៩
យោងតាមការចុះផ្សាយរបស់ Channel News Asia បានឱ្យដឹងថា សាំងហ្គាពួរកំពុងដាក់ដំណើរការសាកល្បងនូវរ៉ូបូត (Robotdog) មួយប្រភេទឈ្មោះថា SPOT ដែលមានរូបរាងដូចជាសត្វឆ្កែ និងមានពណ៌លឿង ដើម្បីឱ្យដើរមើលចុះឡើងនៅក្នុងតំបន់ឧទ្យាន Bishan-Ang Mo Kio ។ រ៉ូបូតនេះត្រូវបានគេដាក់ដំណើរការកាលពីថ្ងៃសុក្រ ទី០៨ ខែឧសភា ម្សិលមិញនេះ ដោយក្រុមប្រឹក្សាឧទ្យានជាតិ និង Smart Nation របស់រដ្ឋាភិបាលសាំងហ្គាពួរ ដើម្បីជួយដាស់តឿនជាសំឡេងឱ្យអ្នកដើរកម្សាន្តនៅទីនោះរក្សាគម្លាតឱ្យបានខ្ជាប់ខ្ជួន។

SPOT នឹងត្រូវបានដាក់ពង្រាយនៅតាមបណ្តោយឧទ្យាន នៅអំឡុងម៉ោងដែលមានមនុស្សមកកម្សាន្តច្រើនបំផុត។ SPOT នឹងផ្ដល់ដំណឹងជាសំឡេង ហើយវាក៏អាចបំពាក់កាមេរ៉ាដើម្បីកំណត់ពីការប្រមូលផ្ដុំណាមួយ ប៉ុន្តែវាមិនអាចប្រមូលទិន្នន័យពីបុគ្គលណាមួយនោះទេ។ SPOT នឹងត្រូវបញ្ជាពីចម្ងាយ ហើយវាក៏ជួយសន្សំពេលវេលាសន្តិសុខដើរយាមអ្នកដំណើរផងដែរ។ រ៉ូបូតនេះក៏កំពុងដាក់សាកល្បងនៅសួនផ្សេងៗ និងតំបន់ដាក់ដាច់ដោយឡែកផងដែរ ដើម្បីចូលរួមដាស់តឿនប្រជាជនកាត់បន្ថយការរីករាលដាលនៃវីរុស COVID-19៕



អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia