រដូវកាលកូរ៉ូណា ក្រុមរាំលើកមឈូសកំពុងល្បីឈ្មោះទូទាំងពិភពលោកបានបង្ហោះសារថា “ចង់នៅផ្ទះដោយសុវត្ថិភាព ឬចង់មករាំជាមួយពួកយើង”
ហ្គាណា៖ សម្រាប់អ្នកប្រើប្រាស់បណ្តាញសង្គម Facebook មួយចំនួនធំ ប្រាកដជាធ្លាប់បានទស្សនារួចមកហើយនូវវីដេអូរបស់បុរសជនជាតិស្បែកខ្មៅមួយក្រុមរាំលើកមឈូសគួរឲ្យចាប់អារម្មណ៍បំផុតនៅឯពិធីបុណ្យសពដើម្បីយកសាកសពទៅបញ្ចុះ។ ក្រុមរាំនេះត្រូវបានស្គាល់ថា ជាក្រុម Coffin Dancing Meme មានប្រភពនៅក្នុងប្រទេសហ្គាណាចាប់តាំងពីឆ្នាំ ២០១៧ ម្ល៉េះ ហើយរហូតដល់ឆ្នាំ ២០២០ ដែលជាពេលមានមនុស្សស្លាប់ដោយសារតែមេរោគកូវីដ ១៩ ច្រើននោះ ពួកគាត់ក៏កាន់តែទទួលបានការចាប់អារម្មណ៍និងល្បីល្បាញខ្លាំងឡើងៗនៅជុំវិញពិភពលោកទៀតផង។ ទន្ទឹមនឹងការទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងនេះ ក្រុមរាំលើកមឈូសបាផ្ញើសារព្រមានមួយទៅកាន់ប្រជាពលរដ្ឋនៅជុំវិញពិភពលោកក្នុងគោលបំណងជួយទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ ១៩ ដែលសារនោះមានន័យថា “ចង់នៅផ្ទះដោយសុវត្ថិភាព ឬចង់មករាំជាមួយពួកយើង”។

តាមរយៈសារនេះគឺក្រុមរាំលើកមឈូសចង់ប្រាប់ឲ្យប្រជាពរលដ្ឋទាំងអស់ត្រូវបន្តនៅក្នុងផ្ទះដើម្បីរួមគ្នាទប់ស្កាត់ការចម្លងមេរោគកូវីដ ១៩ ហើយបើពួកគេនៅបន្តចេញក្រៅពួកគេត្រូវប្រឈមនឹងការឆ្លងមេរោគនិងស្លាប់ខ្ពស់ណាស់។ សូមបញ្ជាក់ជូនថា ការលើកមឈូសដោយមានការរាំយ៉ាងពិសេសនេះគឺជាវប្បធម៌ថ្មីមួយនៅក្នុងប្រទេសហ្គាណា ព្រោះពួកគេចង់ប្តូរបរិយាសក្រៀមក្រំនៅក្នុងពិធីបុណ្យសពឲ្យទៅជាភាពរីករាយវិញម្តង៕
អត្ថបទ៖ ភក្តី
ប្រភព៖ worldofbuzz