ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មនុស្ស ១៥នាក់បានឆ្លងមេរោគកូវីដ១៩ ក្រោយពួកគេនាំគ្នាទៅគាស់យកសាកសពអ្នកជំងឺកូវីដ ១៩មកធ្វើពិធីបុណ្យសពតាមបែបសាសនា

    BY autoadmin May 21, 2020
    មនុស្ស ១៥នាក់បានឆ្លងមេរោគកូវីដ១៩ ក្រោយពួកគេនាំគ្នាទៅគាស់យកសាកសពអ្នកជំងឺកូវីដ ១៩មកធ្វើពិធីបុណ្យសពតាមបែបសាសនា

    ឥណ្ឌូនេស៊ី៖ យ៉ាងហោចណាស់មានមនុស្ស ១៥នាក់បានឆ្លងជំងឺកូវីដ ១៩ ពីសាកសព ក្រោយពួកគេបានគាស់យកសាកសពអ្នកជំងឺកូវីដ ១៩ពីក្នុងមឈូសដែលបានបញ្ចុះរួចទៅហើយយកមករៀបចំធ្វើពិធីមួយចំនួនតាមជំនឿសាសនារបស់ពួកគេ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងតំបន់ Sidoarjo ភាគខាងលិចកោះចាវ៉ា នៃប្រទេសឥណ្ឌូនេស៊ី។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន  Asiaone បានឲ្យដឹងថា​ មនុស្សទាំង ១៥ នាក់នោះគឺសុទ្ធតែជាសាច់ញាតិ និងអ្នកជិតខាងរបស់សាកសព ដែលបាននាំគ្នាទៅគាស់យកសាកសពមករៀបចំធ្វើពិធីមួយចំនួនតាមទម្លាប់ក្នុងកម្មពិធីបុណ្យសពមានដូចជាពិធីចំអះទឹកសាកសព (ងូតទឹកឲ្យសាកសព) ជាដើម។

    ប្រភពខាងលើបានបញ្ជាក់ថា សាកសពជនរងគ្រោះដោយជំងឺកូវីដ ១៩ ខាងលើនេះ ត្រូវបានគេនាំយកពីមន្ទីរពេទ្យទៅបញ្ចុះភ្លាមៗតែម្តង ដោយមិនបានឲ្យគ្រួសារសពនាំយកសាកសពជនរងគ្រោះទៅដាក់តម្កល់នៅក្នុងពិធីបុណ្យសពនៅឯផ្ទះជនរងគ្រោះឡើយ ព្រោះគេខ្លាចមានករណីចម្លងមេរោគពីសាកសពនៅកាន់មនុស្សនេះឯង។ យ៉ាងណាក្តី ខាងគ្រួសារសពនៅតែមិនអស់ចិត្ត និងមិនខ្លាចឆ្លងមេរោគទាល់តែសោះទើបសម្រេចធ្វើសកម្មភាពដូចខាងលើដោយបំពាននឹងការណែនាំរបស់អាជ្ញាធរសុខាភិបាល រហូតដល់ពួកគេក៏ត្រូវឆ្លងមេរោគផងដែរ។ គួរបញ្ជាក់ជូនថា គិតត្រឹមថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះ ឥណ្ឌូនេស៊ីមានករណីអ្នកកើតជំងឺកូវីដ ១៩​ សរុបចំនួន ១៩,១៨៩ ករណី ស្លាប់ចំនួន ១,២៤២ ករណី និងជាសះស្បើយចំនួន ៤,៥៧៥ ផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ asiaone

    Share This Post: