ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រុងបាងកកចំណាយលុយជាង១លានដុល្លារ លាងសម្អាតមេរោគតាមផ្លូវ និងកែលម្អផ្លូវឡើងវិញ ដើម្បីទាក់ទាញទេសចរណ៍ឡើងវិញ

    BY autoadmin May 22, 2020
    ក្រុងបាងកកចំណាយលុយជាង១លានដុល្លារ លាងសម្អាតមេរោគតាមផ្លូវ និងកែលម្អផ្លូវឡើងវិញ ដើម្បីទាក់ទាញទេសចរណ៍ឡើងវិញ

    ថៃ៖ យ៉ាងហោចណាស់មានពលរដ្ឋថៃចំនួន ២០០ នាក់ បានស្ម័គ្រចិត្តនាំគ្នាទៅសំអាតផ្លូវមួយកន្លែងជាលក្ខណៈទ្រង់ទ្រាយធំ ដើម្បីកម្ចាត់មេរោគផ្សេងៗដែលអាចមាននៅទីនោះ និងជាពិសេសគឺមេរោគកូវីដ ១៩ តែម្តង។ បើតាមសារព័ត៌មាន bangkokpost បានឲ្យដឹងថា ក្រុមពលរដ្ឋស្ម័គ្រចិត្តទាំងអស់នោះគឺសុទ្ធតែជាប៉ូលិស និងទាហ៊ានថៃ ដែលបានមកធ្វើការក្នុងគម្រោងផ្ដល់សេវាដល់សង្គមមួយក្រោមការគ្រប់គ្រងរបស់ព្រះមហាក្សត្រថៃ។

    ផ្លូវមួយខ្សែនេះមានឈ្មោះថា​ “ Khao San Road” ស្ថិតនៅក្នុងក្រុងបាងកក និងមានប្រវែង ៤០០ ម៉ែត្រ។ ប្រភពខាងលើបានបន្តថា មុននឹងធ្វើការសម្អាតផ្លូវមួយខ្សែនេះ អាជ្ញាធរក្រុងបាងកកបានកែលម្អនិងជួលជុលផ្លូវជាច្រើនចំណុចដោយប្រើថវិកាចំនួន ៤៨.៤ លានបាត (១,៥២០,១០០ ដុល្លារអាមេរិក) ដើម្បីឲ្យវាក្លាយទៅជាផ្លូវដែលមានការលក់ដូរបែបទាក់ទាញបំផុតសម្រាប់ក្រុមអ្នកទេសចរណ៍ផងដែរ។

    លោក Aswin Kwanmuang អភិបាលនៃគណៈអភិបាលក្រុងបាងកកបានប្រាប់អ្នកសារព័ត៌មានថា ការសម្អាតផ្លូវមួយខ្សែខាងលើនេះគឺមិនមែនគ្រាន់តែចង់សម្លាប់មេរោគតែមួយមុខនោះទេ តែវាក៏ជាផ្នែកមួយដើម្បីផ្សព្វផ្សាយទៅកាន់អ្នកទេសចរណ៍ជាតិនិងអន្តរជាតិឲ្យបានដឹងថា ផ្លូវមួយនេះគឺមានសុវត្ថិភាពគ្រប់គ្រាន់សម្រាប់ការដើរកំសាន្ត។ លោកបានបន្តថា រហូតមកទល់នឹងពេលនេះមានអ្នកលក់ដូរចំនួន ២៥០ នាក់ បានមកចុះឈ្មោះដើម្បីទទួលបានសិទ្ធលក់ផលិតផលផ្សេងៗរបស់ពួកគេនៅតាមដងផ្លូវមួយនេះ ហើយក្នុងពេលអនាគតគេនឹងព្យាយាមប្រែក្លាយផ្លូវមួយខ្សែនេះឲ្យក្លាយទៅជាតំបន់ទេសចរណ៍ដ៏មានសក្តានុពលបំផុតមួយផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ bangkokpost

    Share This Post: