ការបំភាយឧស្ម័ន CO2 នៅក្នុងពិភពលោកបានធ្លាក់ចុះ ១៧% នៅក្នុងអំឡុងពេលមានការរឹតត្បឹតដោយសារវីរុសកូវីដ១៩
ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យនៅចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកបាននិយាយថា ការបំភាយកាបូនឌីអុកស៊ីតប្រចាំថ្ងៃបានធ្លាក់ចុះដល់ទៅ ១៧% ដោយសារប្រជាជននៅជុំវិញពិភពលោកត្រូវបង្ខំចិត្តស្នាក់នៅផ្ទះទប់ស្កាត់ការរីករាលដាលនៃវីរុស COVID-19។ របាយការណ៍ទាំងនោះបានសិក្សាលើប្រទេស ដែលមានការបំភាយ CO2 ច្រើនចំនួន ៦៩ និងបានវាយតម្លៃប្រទេសទាំងនោះចាប់តាំងពីខែមករា ដល់ខែមេសា ឆ្នាំ២០២០ ពោលគឺអំឡុងវីរុស COVID-19 ចាប់ផ្ដើមចេញរាតត្បាតខ្លាំង ហើយពួកគេក៏បានចុះផ្សាយលទ្ធផលរបស់ខ្លួនទៅក្នុងទិនានុប្បវត្តិ Nature Climate Change កាលពីថ្ងៃអង្គារផងដែរ។

ក្នុងការសិក្សារបស់ពួកគេបានបង្ហាញថា ការបំភាយឧស្ម័នប្រចាំថ្ងៃរបស់ប្រទេសចិនបានធ្លាក់ចុះ ២៣.៩% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំមុន។ ចំណែកប្រទេសជប៉ុនមានការធ្លាក់ចុះ ២៦.៣% និង ៣១.៦% សម្រាប់សហរដ្ឋអាមេរិក។ ក្រុមអ្នកវិទ្យាសាស្ដ្រនិយាយថា ការបំភាយឧស្ម័នចេញពីការដឹកជញ្ជូនតាមផ្លូវដូចជាការធ្វើដំណើរតាមរថយន្ត បានចូលរួមក្នុងការថយចុះការបំភាយ CO2 ពាក់កណ្តាល គិតត្រឹមអំឡុងពេលមានការរាតត្បាតខ្លាំងបំផុតនៅខែមេសា។
ក្រុមអ្នកស្រាវជ្រាវនិយាយថា ការធ្លាក់ចុះនេះគឺអាចប្រៀបធៀបទៅនឹងបរិមាណនៃការកាត់បន្ថយការបំភាយប្រចាំឆ្នាំដែលចាំបាច់ ដើម្បីសម្រេចបាននូវគោលដៅនៃការកំណត់កម្ដៅសីតុណ្ហភាពសកលលោកដល់ ១.៥ អង្សាសេ។ ការធ្លាក់ចុះនេះមិនគ្រប់គ្រាន់ដើម្បីបញ្ឈប់ការឡើងកម្ដៅផែនដីទេ ហើយរដ្ឋាភិបាលចាំបាច់ត្រូវអនុវត្តការកែទម្រង់រចនាសម្ព័ន្ធនៅពេលសេដ្ឋកិច្ចរបស់ពួកគេងើបឡើងវិញ៕


អត្ថបទ៖ លីដា
ប្រភព៖ NHK