មានករណីលក់លិខិតបញ្ជាក់សុខភាពក្លែងក្លាយបង្ហាញពីភាពអវិជ្ជមានជំងឺកូវីដ១៩ កំពុងកើតមានយ៉ាងផុសផុលនៅប្រទេសឥណ្ឌូនេស៊ី
ឥណ្ឌូនេស៊ី៖ ប៉ូលិសឥណ្ឌូនេស៊ីកំពុងដុតដៃដុតជើងបង្រ្កាបករណីលក់លិខិតបញ្ជាក់សុខភាពក្លែងក្លាយបង្ហាញពីភាពអវិជ្ជមានចំពោះមេរោគកូវីដ ១៩ ដែលកំពុងតែកើតមានយ៉ាងផុសផុលនៅក្នុងទីក្រុងចាកាតាក្នុងពេលថ្មីៗនេះ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន channelnewsasia។ សូមបញ្ជាក់ជូនថា ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ ១៩ រដ្ឋាភិបាលឥណ្ឌូនេស៊ីបានដាក់ចេញនូវវិធានការមួយគឺតម្រូវឲ្យអ្នកដំណើរទាំងអស់ដែលមានភាពចាំបាច់ត្រូវទៅបំពេញការងារឬធ្វើអាជីវកម្មផ្សេងៗក្នុងតំបន់ដែលរដ្ឋាភិបានបិទឬដាក់ក្នុងគ្រាមានអាសន្ន ត្រូវតែបង្ហាញលិខិតបញ្ជាក់សុខភាពមួយសន្លឹកបង្ហាញពីលទ្ធផលអវិជ្ជមានចំពោះមេរោគកូវីដ ១៩។

ដើម្បីទទួលបានលិខិតបញ្ជាក់សុខភាពមួយសន្លឹកនេះ ពលរដ្ឋឥណ្ឌូនេស៊ីត្រូវទៅកាន់មន្ទីរពេទ្យ ឬគ្លិនិកសុខភាពដើម្បីធ្វើតេស្តនិងត្រូវចំណាយលុយក្នុងតម្លៃខ្ពស់ដោយខ្លួនឯងផងដែរ។ ព្រោះមិនចង់ចំណាយពេលនិងលុយផ្ទាល់ខ្លួនច្រើន ទើបពលរដ្ឋឥណ្ឌូនេស៊ីជាច្រើនបាននាំគ្នាទៅទិញលិខិតបញ្ជាក់ខុសភាពក្លែងក្លាយដែលមានលក់នៅតាមប្រព័ន្ធអ៊ីនធឺណិតដូចជា ក្នុងគេហទំព័រសម្រាប់លក់ផលិតផល បណ្តាញសង្គម ឬប្លុក ក្នុងតម្លៃចន្លោះពី ៥០,០០០-៣០០,០០០ រ៉ូពី (៣,៣៧-២០,២៣ ដុល្លារអាមេរិក) ប៉ុណ្ណោះ។ រហូតមកទល់នឹងពេលនេះប៉ូលិសឥណ្ឌូនេស៊ីបានចាប់ខ្លួនជនខិលខូចចំនួន ៧ នាក់ហើយ ដែលជាអ្នលក់លិខិតបញ្ជាក់សុខភាពក្លែងក្លាយ ហើយការស៊ើបអង្កេតក៏កំពុងបន្តធ្វើឡើងយ៉ាងសកម្មផងដែរដើម្បីឈានទៅលុបបំបាត់ករណីអសកម្មមួយនេះឲ្យអស់ពីក្នុងសង្គមផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ channelnewsasia