តារា YouTube ជនជាតិកូរ៉េខាងត្បូងម្នាក់ បានបង្ហោះវីដេអូយ៉ាងរំជួលចិត្តលាអ្នកគាំទ្ររបស់នាង ក្រោយដឹងខ្លួនមិនអាចតស៊ូនឹងជំងឺមហារីកទៀតបាន
តារា YouTube ជនជាតិកូរ៉េខាងត្បូងម្នាក់បានប្រមែប្រមូលកម្លាំងចុងក្រោយរបស់ខ្លួនទាំងប៉ុន្មាន ដើម្បីថតវីដេអូលាគ្នាមួយសម្រាប់អ្នកគាំទ្ររបស់នាងកន្លងមក។ YouTuber ម្នាក់នោះមានឈ្មោះថា Eun Chan ហៅក្រៅ JIGUIN ហើយនាងបានចុះចាញ់នឹងជំងឺមហារីករបស់នាង កាលពីថ្ងៃទី០៦ ខែឧសភា ពោលគឺប៉ុន្មានថ្ងៃបន្ទាប់ពីនាងបានបង្ហោះវីដេអូលាគ្នាចុងក្រោយនោះ។ នាង Eun Chan ត្រូវបានគេរកឃើញថាមានជំងឺមហារីកបំពង់ទឹកប្រមាត់ (biliary tract cancer) កាលពីខែមេសា ឆ្នាំ២០១៩ ហើយចាប់តាំងពីពេលនោះមកនាងក៏បានតសូ៊ជាមួយនឹងមហារីកនោះ ហើយក៏មានការធ្វើវីដេអូសកម្មភាពក្នុងអំឡុងពេលដែលនាងតស៊ូជាមួយនឹងជំងឺមហារីករបស់នាងផងដែរ។

វីដេអូភាគចុងក្រោយរបស់នាងមានចំណងជើងថា “49th Fighting Diary” ហើយនាងបាននិយាយថា នាងមានអារម្មណ៍ស្រាលខ្លួនពេលបានចេញពីមន្ទីរពេទ្យវិញ ហើយនាងក៏បានឱ្យតម្រុយផងដែរថានាងជិតលាពីអ្នកទាំងអស់គ្នាហើយ។ បើយោងតាមបកប្រែរបស់ AllKPop នាងបាននិយាយថា៖«តើអ្នកទាំងអស់គ្នាសុខសប្បាយជាទេ?»។ នាង Eun Chan បានបន្ថែមថា៖«វាស្រាប់តែក្តៅភ្លាមៗ។ សព្វថ្ងៃនេះខ្ញុំគិតថាខ្ញុំជិតទៅទីនោះហើយ។ ការតស៊ូនឹងជំងឺនេះគឺពិបាកណាស់ ដូច្នេះចិត្តខ្ញុំពេលនេះធូរស្រាល។ ខ្ញុំចង់និយាយរាក់ទាក់អ្នករាល់គ្នាដោយទឹកមុខស្រស់ស្រាយបន្ទាប់ពីរំសាយចេញពីមន្ទីរពេទ្យ ប៉ុន្តែខ្ញុំក៏កំពុងតែប្រមូលកម្លាំងចុងក្រោយដើម្បីផ្តល់ព័ត៌មានថ្មីៗនេះ»។
នាង Eun Chan បានបង្ហាញថា នាងពិបាកដកដង្ហើមណាស់ព្រោះវាធ្វើឱ្យនាងឈឺ ហើយនាងបានក្អួត ២ ទៅ ៣ដងក្នុងមួយថ្ងៃ។ នាងបានបន្ថែមថា នាងជួបបញ្ហាជាច្រើនប៉ុន្តែនាងតែងតែគិតវិជ្ជមាន និងមានភាពរីករាយ។ នាង Eun Chan គឺជាជនជាតិកូរ៉េខាងត្បូងដែលរស់នៅប្រទេសជប៉ុន ហើយនាងបានបង្ហោះវីដេអូចំនួន ៦២ ដែលធ្វើឱ្យនាងទទួលបានប្រជាប្រិយភាពពីអ្នកគាំទ្រជាច្រើន៕



អត្ថបទ៖ លីដា
ប្រភព៖ Next Shark