ប៉ូលីសទីក្រុងហុងកុងចាប់ខ្លួនបាតុករចំនួន ១៨០នាក់ ដែលបានប្រមូលផ្ដុំគ្នាខុសច្បាប់ និងបង្កហិង្សា
បើតាមការចុះផ្សាយរបស់សារព័ត៌មាន ស៊ីនហួរ សម្រាប់ថ្ងៃច័ន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា ប៉ូលីសនៅទីក្រុងហុងកុងបានចាប់ខ្លួនបាតុករចំនួន ១៨០នាក់ កាលពីថ្ងៃអាទិត្យ នៅពេលដែលក្រុមបាតុករមួយចំនួនធំបានចូលរួមក្នុងការប្រមូលផ្ដុំគ្នាខុសច្បាប់ និងបានប្រព្រឹត្តអំពើហិង្សា ដែលធ្វើឱ្យប៉ូលីសនិងអ្នកដំណើរជាច្រើនរងរបួស។ ចាប់តាំងពីរសៀលថ្ងៃអាទិត្យក្រុមបាតុករបានប្រមូលផ្ដុំគ្នានៅតំបន់ Causeway Bay និង Wan Chai ដោយបានដាក់ធុងសំរាម ដំបងឫស្សី ដុំថ្ម និងវត្ថុផ្សេងៗដើម្បីបិទផ្លូវធំៗ។ ក្រុមបាតុករបានគប់រថយន្តប៉ូលីសនឹងដុំថ្ម ដែលធ្វើឱ្យបែកកញ្ចក់រថយន្ត ហើយប៉ូលីសម្នាក់ក៏បានរងរបួស។

រហូតដល់ម៉ោង ៩ និង ៣០នាទី យប់ថ្ងៃអាទិត្យ (ម៉ោងក្នុងស្រុក) ប៉ូលីសទីក្រុងហុងកុងចាប់ខ្លួនបាតុករបានចំនួន ១៨០នាក់ ចំពោះការប្រព្រឹត្តបទល្មើសដូចជា ការចូលរួមប្រមូលផ្ដុំដោយគ្មានការអនុញ្ញាត ការប្រមូលផ្ដុំច្បាប់ និងការប្រព្រឹត្តមិនត្រឹមត្រូវនៅក្នុងទីសាធារណៈ។ នៅពេលការប្រមូលផ្ដុំខុសច្បាប់នៅតែបន្ត ក្រុមបាតុករខ្លះបានដុតបំផ្លាញរបស់របរ ហើយបានគប់ដបកែវលើដីពីលើដំបូលអាគារ ដែលបង្កការគំរាមកំហែងដល់សុវត្ថិភាពសាធារណៈ។ អំពូលភ្លើងចរាចរជាច្រើនឈុតត្រូវបានខូចខាត ខណះដែលផ្លូវរថយន្ដត្រូវបានគ្របដណ្ដប់ដោយគំនរបាក់បែក។
ហាងខ្លះនៅ Causeway Bay ត្រូវបានបំផ្លាញដោយក្រុមបាតុករ ដោយសារពួកគេបានគប់ដុំថ្មដាក់។ នៅល្ងាចថ្ងៃអាទិត្យក្រុមបាតុករដែលប្រមូលផ្តុំគ្នានៅ Harbour City និង Tsim Sha Tsui ក៏បានបង្កឱ្យមានការរំខានដល់សន្តិភាពសាធារណៈបន្ថែមទៀត។ ប៉ូលីសបាននិយាយថា អំពើឃោរឃៅបំពានច្បាប់ទាំងនេះ មិនអាចទទួលយកបានពីសង្គមស៊ីវិលណាមួយឡើយ។ ប៉ូលីសនឹងធ្វើការស៊ើបអង្កេតរឿងនេះ ហើយជនល្មើសត្រូវទទួលទោសតាមច្បាប់។ ប៉ូលីសបាននិយាយថា សមាជិកក្នុងសង្គមទាំងអស់ត្រូវបានជំរុញឱ្យលះបង់អំពើហឹង្សា និង គួរបញ្ចេញមតិដោយសន្តិវិធីនិងសមហេតុផល ដែលជាគុណតម្លៃស្នូលនៃប្រជាជនហុងកុង៕




អត្ថបទ៖ លីដា
ប្រភព៖ ស៊ីនហួរ