អន្តរជាតិ

ថៃកំពុងពិចារណាអនុញ្ញាតឲ្យបារ និងកន្លែងកំសាន្តពេលរាត្រីអាចបើកឡើងវិញនៅពាក់កណ្តាល ខែមិថុនាខាងមុខនេះ

BY
autoadmin
May 25, 2020

ថៃ៖ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ ១៩របស់ថៃ កំពុងពិចារណាអំពីលទ្ធភាពនៃការអនុញ្ញាតឲ្យបារ និងកន្លែងផ្តល់សេវាកំសាន្តពេលរាត្រីផ្សេងៗទៀតអាចបើកដំណើរវិញនៅពាក់កណ្តាល​ ខែមិថុនាខាងមុននេះ។ យ៉ាងណាក្តី បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Thethaiger បានបញ្ជាក់ថា ការអនុញ្ញាតឲ្យអាជីវកម្មផ្ដល់សេវាកំសាន្តពេលរាត្រីអាចបើកឡើងវិញនេះគឺជារឿងរសើបបំផុតមួយដែលទាមទារឲ្យការពិភាក្សា និងតាមដានស្ថានភាពនៃការរាតត្បាតមេរោគឲ្យបានច្បាស់លាស់ជាមុនសិន។

ប្រភពខាងលើបន្តថា​ លទ្ធភាពនៃការអនុញ្ញាតឲ្យបារនិងកន្លែងផ្តល់សេវាកំសាន្តពេលរាត្រីបើកឡើងវិញអាចធ្វើទៅបានទាល់តែថៃមានលក្ខខណ្ឌដូចជា ចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ថ្មីនៅមានកម្រិតទាប រដ្ឋាភិបាលសម្រេចដកការរឹតបន្តឹងប្រទេសឲ្យមកនៅក្នុងកម្រិតស្រាលបំផុត ហើយកន្លែងធ្វើអាជីវកម្មទាំងអស់នោះត្រូវបន្តអនុវត្តតាមការណែនាំរបស់អាជ្ញាធរសុខាភិបាលផងដែរ។

ការណែនាំដែលម្ចាស់អាជីវកម្មត្រូវអនុវត្តមានដូចជា កាត់បន្ថយចំនួនអតិថិជនកុំឲ្យមានការជួបជុំនិងនៅក្បែរគ្នាច្រើនពេក ស្កេនកំដៅគ្រប់អតិថិជនទាំងអស់ ដាក់ទឹកលាងដៃសម្រាប់អតិថិនជនឲ្យបានគ្រប់គ្រាន់ ហើយអ្នកបម្រើអតិថិជនវិញត្រូវតែពាក់ស្រោមដៃ ពាក់ម៉ាស់ ឬរបាំងការពារឲ្យបានត្រឹមត្រូវពេលបំពេញការងារ។ សូមបញ្ជាក់ថា ក្រោយក្លឹបរាត្រី បារ និងកន្លែងផ្ដល់សេវាកំសាន្តពេលរាត្រីនៅក្នុងប្រទេសថៃត្រូវបានបិទទាំងស្រុងនោះ មានពលរដ្ឋថៃនិងជាពិសេសក្រុមស្ត្រីរកស៊ីផ្លូវភេទរាប់ម៉ឺននាក់ ត្រូវបាត់បង់ចំណូល​និងកំពុងតែជួបវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរផងដែរ។ គួរបញ្ជាក់ជូនថា បើគិតមកទល់នឹងពេលនេះថៃមានចំនួនអ្នកជំងឺកូវីដសរុបចំនួន ៣ ០៤២ ករណី ស្លាប់ ៥៧ ករណី ខណៈក្រុងប៉ាតាយ៉ាដែលជាដែនដីសម្បូរកន្លែងកំសាន្តពេលរាត្រីនោះពុំមានករណីឆ្លងថ្មី ៣៦ ថ្ងៃជាប់គ្នាមកហើយ៕

អត្ថបទ៖ ភក្តី

ប្រភព៖ thethaiger

Share This Post: