តាំងពីដើមឆ្នាំតរៀងមក ខេត្តមួយរបស់ប្រទេសថៃមានការផ្ទុះឡើងនៃជំងឺគ្រុនឈាម ដែលបានសម្លាប់មនុស្ស ២នាក់ និងឆ្លងសរុបជាង ១,០០០នាក់
ថៃ៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ បាននិយាយថា ការផ្ទុះឡើងនៃជំងឺគ្រុនឈាមបានសម្លាប់មនុស្ស ២នាក់ និងធ្វើឱ្យមនុស្សជាង ១,០០០នាក់ ផ្សេងទៀតធ្លាក់ខ្លួនឈឺ នៅឯខេត្តនគររាជសីមាចាប់តាំងពីដើមឆ្នាំ២០២០នេះ។ ប្រធានការិយាល័យសុខភាពសាធារណៈប្រចាំខេត្តបាននិយាយថា ក្នុងខេត្តនគររាជសីមានេះក៏មានករណីអ្នកឆ្លងវីរុស COVID-19 ចំនួន ១៩ករណី ផងដែរ ប៉ុន្តែឥឡូវនេះពួកគេកំពុងបារម្ភពីការផ្ទុះឡើងនៃជំងឺគ្រុនឈាមច្រើនជាង។

ក្នុងខេត្តនគររាជសីមា មានអ្នកកើតជំងឺចំនួន ១,០៣៧ នាក់ ត្រូវបានកត់ត្រាចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី២៤ ខែឧសភា ហើយក្នុងនោះមានអ្នកស្លាប់ចំនួន ២នាក់។ អ្នកស្លាប់ទី១ គឺជាអ្នកស្រុកណនសុង ដែលបានទទួលមរណភាពកាលពីថ្ងៃទី១០ ខែមីនា។ អ្នកស្លាប់ទី២ មានអាយុ ១៦ឆ្នាំ បានស្លាប់នៅថ្ងៃទី២២ ខែមីនា។ យ៉ាងណាក៏ដោយប្រធានមន្ទីរសុខាភិបាលខេត្តបានណែនាំប្រជាជនថា មិនត្រូវមានទឹកដក់នៅជុំវិញផ្ទះរបស់ពួកគេទេ ព្រោះវាជាកន្លែងបង្កាត់ពូជមូសដែលផ្ទុកវីរុសគ្រុនឈាម។ តំបន់ជុំវិញផ្ទះរបស់ពួកគេក៏គួរតែត្រូវបានបាញ់ថ្នាំសម្លាប់សត្វមូស ដោយអ្នកជំនាញសុខាភិបាលផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្ដិ៍