ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក ដូណាល់ ត្រាំ មិនពេញចិត្តចំពោះការអនុម័តច្បាប់របស់ចិនមកលើហុងកុង ហើយថានឹងឆ្លើយតបទៅចិនវិញលើបញ្ហានេះ

    BY autoadmin May 27, 2020
    លោក ដូណាល់ ត្រាំ មិនពេញចិត្តចំពោះការអនុម័តច្បាប់របស់ចិនមកលើហុងកុង ហើយថានឹងឆ្លើយតបទៅចិនវិញលើបញ្ហានេះ

    ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបង្ហាញការមិនពេញចិត្តចំពោះការប៉ុនប៉ងរបស់ចិនក្នុងការអនុម័តច្បាប់ដើម្បីរក្សាសណ្តាប់ធ្នាប់សាធារណៈនៅហុងកុង។ លេខាធិការសារព័ត៌មានសេតវិមានលោក Kayleigh McEnany បានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃអង្គារថា លោក ដូណាល់ ត្រាំ មិនពេញចិត្តនឹងទង្វើររបស់ចិនទេ ហើយយល់ថាវាពិបាកនឹងមើលថា «តើហុងកុងអាចនឹងនៅតែជាមជ្ឈមណ្ឌលហិរញ្ញវត្ថុបានយ៉ាងដូចម្តេច» ប្រសិនបើចិនចូលមកកាន់កាប់។ ការកត់សម្គាល់នេះធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលចិនបានប្រកាសផែនការនៅឯសមាជប្រជាជនជាតិ ដើម្បីអនុម័តច្បាប់សន្តិសុខថ្មីសម្រាប់ទីក្រុងហុងកុង។ សមាជនេះត្រូវបានគេរំពឹងថា នឹងអនុម័តវានៅថ្ងៃព្រហស្បតិ៍នេះ។

    ក្រុមអ្នកសង្កេតការណ៍និយាយថា ការខ្វែងគំនិតគ្នារវាងសហរដ្ឋអាមេរិកនិងចិនលើទីក្រុងហុងកុង កំពុងតែធ្វើឱ្យមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងប្រទេសទាំងពីរ ដែលបានកើតឡើងជុំវិញការគ្រប់គ្រងរបស់ទីក្រុងប៉េកាំងចំពោះការផ្ទុះឡើងនៃវីរុស COVID-19 ។ កាលពីសប្តាហ៍មុនលោក ដូណាល់ ត្រាំ បានប្រាប់អ្នកយកព័ត៌មានថា លោកមិនដឹងថាច្បាប់នេះជាអ្វីទេ ប៉ុន្តែនិយាយថា​៖ «ប្រសិនបើវាកើតឡើង យើងនឹងឆ្លើយតបបញ្ហានោះជាដាច់ខាត»។ ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Robert O’Brien បានលើកឡើងថា ទណ្ឌកម្មនិងវិធានការផ្សេងទៀតអាចនឹងត្រូវដាក់លើប្រទេសចិន ខណៈខាងរដ្ឋាភិបាលចិនបានប្រតិកម្មយ៉ាងខ្លាំង ដោយចោទសហរដ្ឋអាមេរិកថា បានជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសរបស់ខ្លួន៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: