ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ជំងឺរលាកលើកុមារនិងក្មេងៗយ៉ាងចម្លែក ពេលនេះមានវត្តមាននៅប្រទេសកូរ៉េខាងត្បូង

    BY autoadmin May 27, 2020
    ជំងឺរលាកលើកុមារនិងក្មេងៗយ៉ាងចម្លែក ពេលនេះមានវត្តមាននៅប្រទេសកូរ៉េខាងត្បូង

    អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃអង្គារថា មានករណីសង្ស័យដំបូងនៃជំងឺរលាកដ៏កម្រមួយ បានកំពុងកើតមានលើកុមារនិងក្មេងៗនៅក្នុងប្រទេស ដែលនាំឱ្យអាជ្ញាធរប្រកាសឱ្យមានការប្រុងប្រយ័ត្នបន្ថែមទៀត នៅចំពេលដែលប្រទេសនេះក៏ទើបតែបានបើកទ្វារសាលារៀនឡើងវិញ។ លោក Kwon Jun-wook នាយករងមជ្ឈមណ្ឌលត្រួតពិនិត្យនិងការពារជំងឺកូរ៉េ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអង្គារថា អ្នកជំងឺជាកុមារចំនួន ២នាក់ នៅឯស្ថាប័នថែទាំសុខភាពក្នុងទីក្រុងសេអ៊ូលកំពុងមានជំងឺចម្លែកនេះ ដែលសព្វថ្ងៃវាត្រូវបានគេឱ្យឈ្មោះថា «Multisystem Inflammatory Syndrome» ឬ MIS-C ។

    សព្វថ្ងៃជំងឺនេះនៅមិនទាន់មានការពិពណ៌នាពីក្រុមគ្រូពេទ្យច្បាស់លាស់នៅឡើយទេ ប៉ុន្តែគ្រាន់តែដឹងថាវាមានអាការស្រដៀងនឹងជំងឺ Kawasaki ។ រោគសញ្ញានៃជំងឺរលាក MIS-C ដែលដូចនឹង Kawasaki មានដូចជា៖ ការឡើងកន្ទួលលើស្បែក និងគ្រុនក្តៅ ខណៈរោគសញ្ញាដែលខុសពី Kawasaki មានដូចជា៖ ឈឺពោះ ការធ្លាក់ចុះសម្ពាធឈាម ការកន្ត្រាក់បេះដូងយឺត និងការពុលជាដើម។ WHO និង អ្នកជំនាញជាច្រើនជឿជាក់ថា ជំងឺថ្មីនេះមានជាប់ទាក់ទងនឹងវីរុស COVID-19 ប៉ុន្តែយ៉ាងណាពួកគេកំពុងស៊ើបអង្កេតបន្ថែមទៀតលើបញ្ហា។ នាពេលថ្មីៗនេះប្រទេសកូរ៉េខាងត្បូងក៏មានការកើនឡើងចំនួនករណី COVID-19 គួរឱ្យកត់សម្គាល់ផងដែរ ដោយកាលពីថ្ងៃច័ន្ទមានករណីបន្ថែមចំនួន ១៩ករណី ហើយករណីថ្មីៗចុងក្រោយនេះភាគច្រើនសុទ្ធតែមានទាក់ទងនឹងក្លឹបច្រៀងកម្សាន្ត៕

    អត្ថបទ៖ លីដា
    ប្រភព៖ Korea Herald

    Share This Post: