ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទំនិញក្លែងក្លាយជាច្រើនប្រភេទកំពុងវាយលុកទីផ្សារម៉ាឡេស៊ីក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ ១៩

    BY autoadmin May 28, 2020
    ទំនិញក្លែងក្លាយជាច្រើនប្រភេទកំពុងវាយលុកទីផ្សារម៉ាឡេស៊ីក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ ១៩

    ម៉ាឡេស៊ី៖ ក្រៅតែពីត្រូវត្រៀមខ្លួនទប់ទល់នឹងការរាតត្បាតនៃជំងឺកូវីដ ១៩ ប្រទេសម៉ាឡេស៊ីត្រូវបានគេមើលឃើញថា កំពុងតែប្រឆាំងនឹងបញ្ហារសើបមួយផ្សេងទៀត ដែលបញ្ហានោះគឺជាវត្តមានរបស់ផលិតផលក្លែងនៅក្នុងទីផ្សារដែលអាចបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពប្រជាពលរដ្ឋ។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន channelnewsasia បានឲ្យដឹងថា ទំនិញក្លែងក្លាយតែងត្រូវបានគេប្រទះឃើញជារឿញៗនៅក្នុងទីផ្សារម៉ាឡេស៊ីនាពេលកន្លងមក យ៉ាងណាក្តីនៅក្នុងអំឡុងពេលនៃការរាតត្បាតមេរោគកូវីដ ១៩ នេះ គឺទំនិញក្លែងក្លាយត្រូវបានគេដាក់លក់យ៉ាងព្រោងព្រាតក្នុងបរិមាណច្រើនមិនធ្លាប់មានតែម្តង។

    ប្រភពខាងលើបញ្ជាក់ថា កក្តាដែលជំរុញឲ្យបរិមាណទំនិញក្លែងក្លាយកើនឡើង ក៏ព្រោះតែរោងចក្រឬក្រុមហ៊ុនស្របច្បាប់ត្រូវបិទទ្វារជាបណ្ដោះអាសន្នដែលជំរុញឲ្យជនខិលខូចកាន់តែមានឱកាសលក់ផលិតផលក្លែងក្លាយរបស់ពួកគេនៅក្នុងទីផ្សារ និងស្របពេលដែលប្រជាពលរដ្ឋត្រូវរងនូវផលប៉ះពាល់សេដ្ឋកិច្ចផងទើបពួកគេត្រូវបង្ខំចិត្តទិញផលិតផលក្លែងក្លាយយកទៅប្រើប្រាស់ ព្រោះតែវាមានតម្លៃថោកជាងទំនិញពិតប្រាកដ។

    ទំនិញក្លែងក្លាយដែលកំពុងតែបង្ហាញវត្តមានក្នុងទីផ្សារម៉ាឡេស៊ីមានតាំងពីម៉ាស់ ចំណីអាហារ គ្រឿងសម្អាង ថ្នាំពេទ្យ គ្រឿងបន្លាស់រថយន្ត និងស្រាជាច្រើនប្រភេទទៀតផង។ បើតាមអាជ្ញាធរម៉ាឡេស៊ីបានបញ្ជាក់ថា ទំនិញក្លែងក្លាយបានបង្កឲ្យមានប៉ះពាល់ដល់ប្រជាពលរដ្ឋយ៉ាងខ្លាំង ដូចជាម៉ាស់ក្លែងក្លាយអាចបង្កឲ្យមានបញ្ហាផ្លូវដង្ហើមនិងគ្មានប្រសិទ្ធភាពការពារមេរោគទាល់តែសោះ គ្រឿងបន្លាស់រថយន្តក្លែងក្លាយងាយនឹងបង្កគ្រោះថ្នាក់ពេលបើកបរ ហើយស្រាក្លែងក្លាយអាចបង្កគ្រោះថ្នាក់ដល់ជីវិតទៀតផង ប្រសិនបើប្រជាពលរដ្ឋនាំគ្នាផឹកក្នុងបរិមាណច្រើនលើសកម្រិតនោះ។ បើទោះជាយ៉ាងណានេះក្តីគេបានមើលឃើញថា ពលរដ្ឋម៉ាឡេស៊ីមួយចំនួនគឺសុខចិត្តទិញទំនិញក្លែងក្លាយតែម្តងបើទោះជាដឹងថាវាមានផលប៉ះពាល់ក៏ដោយព្រោះតម្លៃរបស់ទំនិញទាំងនោះ ជាពិសេសស្រាដប គឺថោកជាងផលិតផលសុទ្ធឬផលិតផលដើមរហូតដល់ ៧០-៨០%ឯណោះ។

    ឆ្លើយតបនឹងបញ្ហាប្រឈមនេះរដ្ឋាភិបាលម៉ាឡេស៊ីបានអំពាវនាវឲ្យពលរដ្ឋខ្លួនត្រូវចេះសម្គាល់ផលិតផងក្លែងក្លាយនិងចៀសវាងប្រើប្រាស់ទំនិញទាំងនោះជាពិសេសគឺម៉ាស់និងស្រា ព្រោះទំនិញពីរប្រភេទនេះមានតម្រូវការប្រើប្រាស់ប្រចាំថ្ងៃខ្ពស់ណាស់។ ចំពោះម៉ាស់ក្លែងក្លាយគេអាចសម្គាល់បានតាមរយៈភាពរឹងមាំរបស់ផ្ទៃម៉ាស់ មិនជ្រាបទឹក និងមិនមានពណ៌ស្លេកជាដើម ដោយឡែកចំពោះស្រាក្លែងក្លាយវិញគឺមានតម្លៃថោកមិនគួរឲ្យជឿ ហើយរសជាតិវិញគឺមានក្លិនឆួលខ្លាំងនិងមានកម្រិតជាតិអាកុលខ្ពស់ខ្លាំងជាដើម៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ channelnewsasia

    Share This Post: