ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សាំងហ្គាពួរ សម្រេចអនុញ្ញាតឲ្យអ្នកជំងឺកូវីដ១៩ ដែលព្យាបាលបានរយៈពេល ២១ថ្ងៃ អាចចេញពីមន្ទីរពេទ្យបាន ទោះបីពួកគេនៅតេស្ដវិជ្ជមានក៏ដោយ ដោយសារហេតុផលមួយនេះ

    BY autoadmin May 29, 2020
    សាំងហ្គាពួរ សម្រេចអនុញ្ញាតឲ្យអ្នកជំងឺកូវីដ១៩ ដែលព្យាបាលបានរយៈពេល ២១ថ្ងៃ អាចចេញពីមន្ទីរពេទ្យបាន ទោះបីពួកគេនៅតេស្ដវិជ្ជមានក៏ដោយ ដោយសារហេតុផលមួយនេះ

    កាលពីថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២០ រដ្ឋមន្រ្តីក្រសួងសុខាភិបាលសាំងហ្គាពួរលោក Gan Kim Yong បានប្រកាសថា អ្នកជំងឺ COVID-19 ដែលមានសុខភាពល្អប្រសើរឡើងវិញនៅត្រឹមថ្ងៃទី២១ បន្ទាប់ពីរកឃើញថាមានជំងឺ COVID-19 នឹងអាចត្រូវបានរំសាយចេញពីមន្ទីរពេទ្យដោយគ្មានការធ្វើតេស្តបន្ថែមនោះទេ ហើយទោះបីជាពួកគេនៅតេស្ដវិជ្ជមានក៏ដោយ។ គោលនយោបាយថ្មីនេះចូលជាធរមានភ្លាមៗ និងត្រូវបានអនុម័តឡើងមក បន្ទាប់ពីមានការវាយតម្លៃដោយក្រសួងសុខាភិបាល (MOH) សម្អាងលើភស្តុតាងគ្លីនិកនិងវិទ្យាសាស្ត្រ ទាំងក្នុងនិងក្រៅប្រទេស។ កាលពីដើមឡើយអ្នកជំងឺ COVID ត្រូវការព្យាបាលរហូតទាល់តែតេស្ដអវិជ្ជមាន ២ដង ក្នុងរយៈពេល ២៤ ម៉ោងពីគ្នា ទើបអាចចេញពីពេទ្យបាន។

    លោក Gan Kim Yong​ បាននិយាយនៅក្នុងសន្និសីទកាសែតថា អ្នកជំងឺ COVID-19 ដែលត្រូវបានរំសាយចេញតាមលក្ខខណ្ឌថ្មី នឹងត្រូវស្នាក់នៅក្នុងផ្ទះ ឬនៅអន្តេវាសិកដ្ឋានរយៈពេល ៧ថ្ងៃទៀត មុនពេលពួកគេអាចត្រឡប់មកធ្វើការវិញជាធម្មតា។ លោក Gan Kim Yong បានពន្យល់បន្ថែមថា ការសម្រចនេះគឺផ្អែកតាមការសិក្សារបស់មជ្ឈមណ្ឌលជាតិសម្រាប់ជំងឺឆ្លងរបស់សាំងហ្គាពួរ ដែលបានបង្ហាញថាជំងឺនេះនឹងមិនអាចចម្លងបានទៀតទេបន្ទាប់ពីរយៈពេល ២១ថ្ងៃ ទោះបីជានៅតេស្ដវិជ្ជមានក៏ដោយ។ អង្គការសុខភាពពិភពលោក (WHO) ក៏បានចេញផ្សាយអនុសាសន៍របស់ខ្លួនកាលពីថ្ងៃពុធ ដើម្បីផ្លាស់ប្តូរពេលវេលាដែលអ្នកជំងឺអាចរំសាយចេញពីមន្ទីរពេទ្យវិញបាន។ WHO បាននិយាយថា អ្នកជំងឺអាចរំសាយចេញពីមន្ទីរពេទ្យបាននៅរយៈពេល ១០ថ្ងៃ បន្ទាប់ពីរកឃើញថាឈឺ និងយ៉ាងហោចណាស់ ៣ថ្ងៃបន្ថែម រហូតអ្នកជំងឺលែងមានរោគសញ្ញាផ្លូវដង្ហើម ឬគ្រុនក្តៅ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia

    Share This Post: