ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ផ្ទុះកំហឹង និងកុបកម្ម ដុតបំផ្លាញអាគារ ដោយសារប៉ូលីសអាមេរិកយកជង្គង់សង្កត់ក និងវាយខ្នោះបុរសម្នាក់ ទោះគាត់អង្វរសុំដកដង្ហើម តែប៉ូលីសមិនស្តាប់ រហូតធ្វើឲ្យគាត់ស្លាប់

    BY autoadmin May 29, 2020
    ផ្ទុះកំហឹង និងកុបកម្ម ដុតបំផ្លាញអាគារ ដោយសារប៉ូលីសអាមេរិកយកជង្គង់សង្កត់ក និងវាយខ្នោះបុរសម្នាក់ ទោះគាត់អង្វរសុំដកដង្ហើម តែប៉ូលីសមិនស្តាប់ រហូតធ្វើឲ្យគាត់ស្លាប់

    មរណភាពរបស់លោក George Floyd បានបង្កឱ្យមានកំហឹងពេញពិភពលោកជុំវិញការរើងអើងជាតិសាសន៍ ខណៈនៅអាមេរិកកំពុងមានកុបកម្មយ៉ាងធំមួយដើម្បីទាមទាររកយុត្តិធម៌ឱ្យរូបលោក។ រូបភាពមួយចំនួនពីកន្លែងកើតហេតុបានបង្ហាញពីអគារកម្ពស់ ៦ជាន់ កំពុងឆាប់ឆេះយ៉ាងសន្ធោរសន្ធៅ ដោយសារក្រុមអ្នកតវ៉ាបានដុតបំផ្លាញវាចោល។

    ប្រភពបាននិយាយថា ដំបូងឡើយក្រុមអ្នកតវ៉ាបានចាប់ផ្ដើមដោយភាពស្ងប់ស្ងាត់នៅកន្លែងដែលលោក George Floyd ត្រូវបានគេសម្លាប់នៅឯ Minneapolis រដ្ឋ Minnesota សហរដ្ឋអាមេរិក ប៉ុន្តែក្រោយមកក៏ប្រែក្លាយទៅជាអំពើហឹង្សា មានទាំងការចូលលួច និងការដុតបំផ្លាញ ខណៈដែលខាងប៉ូលីសបានប្រើឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កាំភ្លើងជ័រជាដើម។

    មូលហេតុដែលបណ្ដាលឱ្យលោក George Floyd ទទួលមរណភាពគឺដោយសារប៉ូលីសបានឃាត់រថយន្តរបស់គាត់ ដោយមើលឃើញថាលោក George Floyd មានមុខមាត់ស្រដៀងនឹងជនល្មើសដែលប៉ូលីសកំពុងតែតាមចាប់ ប៉ុន្តែពេលនោះលោកមិនព្រមចុះពីរថយន្ត ដោយនិយាយថាគាត់មិនបានធ្វើអ្វីខុសនោះទេ ហើយក្រោយមកទៀតទើបប៉ូលីសបានប្រើធម៌ក្ដៅជាមួយគាត់ ដោយមានទាំងការវាយខ្នោះហើយយកជង្គង់ផ្ទប់មុខគាត់នឹងដី ដែលធ្វើឱ្យគាត់ថប់ដង្ហើមស្លាប់។ ប្រភពដំបូងនិយាយថា ជនរងគ្រោះបាននិយាយសុំឱ្យប៉ូលីសបន្ធូរដៃព្រោះគាត់ថប់ដង្ហើម ប៉ុន្តែប៉ូលីសមិនស្ដាប់ ទើបទីបំផុតជ្រុលខ្លួនទៅជាការសម្លាប់ជនរងគ្រោះទៅវិញ។ ជនរងគ្រោះត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ប៉ុន្តែគាត់បានស្លាប់តាំងពីនៅកន្លែងកើតហេតុរួចទៅហើយ៕

    អត្ថបទ៖ លីដា
    ប្រភព៖ The Sun

    Share This Post: