ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ការស្រង់មតិរបស់ក្រុមហ៊ុនជប៉ុនបង្ហាញថា បុគ្គលិកជាង ៥០% បានឡើងទម្ងន់និងខ្លាញ់ក្នុងខ្លួន អំឡុងពេលសំងំនៅផ្ទះដោយសារជំងឺកូវីដ១៩

    BY autoadmin June 2, 2020
    ការស្រង់មតិរបស់ក្រុមហ៊ុនជប៉ុនបង្ហាញថា បុគ្គលិកជាង ៥០% បានឡើងទម្ងន់និងខ្លាញ់ក្នុងខ្លួន អំឡុងពេលសំងំនៅផ្ទះដោយសារជំងឺកូវីដ១៩

    ក្រុមហ៊ុនជប៉ុនមួយនិយាយថា ជាងពាក់កណ្តាលនៃអ្នកធ្វើការដែលខ្លួនបានស្ទង់មតិ បានឡើងទម្ងន់ព្រោះតែការស្នាក់នៅផ្ទះក្នុងអំឡុងពេលមានរោគរាតត្បាត COVID-19 ។ ក្រុមហ៊ុន Link & Communication ដែលជាអ្នកបង្កើតកម្មវិធីថែទាំសុខភាព បានស្ទង់មតិលើបុគ្គលិកក្រុមហ៊ុនចំនួន ២,៨០០ នាក់ ដោយបានតាមដានការផ្លាស់ប្តូរទម្ងន់ និងខ្លាញ់ក្នុងខ្លួនរបស់បុគ្គលិក។ នៅក្នុងការស្ទង់មតិតាមរយៈកម្មវិធីទូរស័ព្ទបានបង្ហាញថា បុគ្គលិក ៥៧% បានឡើងទម្ងន់ គិតត្រឹមថ្ងៃទី១៦ ខែឧសភា ហើយលើសពីនេះ ៦០% បានជួបប្រទះនូវការកើនឡើងខ្លាញ់ក្នុងរាងកាយ បើប្រៀបធៀបទៅនឹងតួលេខដែលបានកត់ត្រាក្នុងខែមករា។

    ក្នុងចំណោមអ្នកដែលឡើងទម្ងន់ទាំងអស់ មានបុគ្គលិកចំនួន ៣២% ឡើងទម្ងន់តិចជាង ១គីឡូក្រាម និងចំនួន ២៦% ឡើងគីឡូ ១ គីឡូក្រាម ឬលើសនេះ ខណៈពេលដែលអ្នកមួយចំនួនឡើងទម្ងន់រហូតដល់ ១០គីឡូក្រាម។ ទិន្នន័យរបស់ក្រុមហ៊ុនក៏បានបង្ហាញដែរថា ជំហានរបស់បុគ្គលិកទាំងនោះក៏បានថយចុះ ដោយ ៧៩% ក្នុងចំណោមពួកគេដើរមិនបាន ៨,០០០ ជំហាននោះទេក្នុងមួយថ្ងៃៗ។

    សាស្រ្តាចារ្យ Kuno Shinya នៅសាកលវិទ្យាល័យ Tsukuba មានប្រសាសន៍ថា ដោយសារការលើកកម្ពស់ការអនុវត្តការងារតាមអ៊ីនធឺណេតនៅតាមផ្ទះរបស់បុគ្គលិកការិយាល័យជាច្រើន ជាលទ្ធផលកង្វះចលនាបានបង្កើនហានិភ័យ ដែលជាការវិវត្តទៅរកជំងឺដូចជាជំងឺទឹកនោមផ្អែម និងជំងឺលើសឈាម។ លោកសាស្រ្តាចារ្យ Kuno Shinya បន្តថា ក្រុមហ៊ុននានាត្រូវចាត់វិធានការថែមទៀត ដើម្បីធានាថានិយោជិករបស់ពួកគេមានសុខភាពល្អ៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: