ក្មេងស្រីម្នាក់សុខចិត្តបោកកូនជ្រូកយកលុយ ដែលខ្លួនខំសន្សំយកទិញទូរស័ព្ទ ដើម្បីបានរៀនតាម Online នឹងគេ
ថៃ៖ E-learning ឬការសិក្សាតាមប្រព័ន្ធ Online គឺជាជម្រើសដ៏ល្អបំផុតនៅក្នុងអំឡុងពេលនៃការរាតត្បាតនៃមេរោគកូវីដ ១៩ តែទោះជាយ៉ាងណាក្តី កម្មវិធីសិក្សានេះមិនបាផ្តល់ភាពងាយស្រួល និងគុណភាពស្មើៗគ្នាទៅកាន់សិស្សដែលមានកម្រិតជីវៈភាពផ្សេងគ្នានិងរស់នៅក្នុងតំបន់ផ្សេងគ្នានោះទេ។ ជាក់ស្តែងកូនសិស្សដែលរស់នៅក្នុងតំបន់ដាច់ស្រយាល ឬនៅឆ្ងាយពីទីប្រជុំជនតែងប្រឈមនឹងបញ្ហាសេវាអ៊ឺនធឺណិតរអាក់រអួលជាញឹកញាប់។

សម្រាប់សិស្សដែលមិនសូវមានជីវៈភាពធូរធាវិញត្រូវបង្ខំចិត្តរកលុយតាមគ្រប់រូបភាពដែលអាចធ្វើទៅបាន ដើម្បីលៃលកទិញយ៉ាងហោចណាស់ក៏ទូរស័ព្ទទំនើបមួយគ្រឿងដែរទើបអាចសិក្សាតាម Online បាន ខណៈដែរវាកាន់តែមានភាពងាយស្រួលខ្លាំងប្រសិនបើសិស្សមានកុំព្យូទ័រមួយគ្រឿងបន្ថែមទៀត។ ព្រោះហេតុផលនេះហើយទើបក្មេងស្រីម្នាក់ត្រូវបានគេប្រទះឃើញ សុខចិត្តបោកកូនជ្រូកយកលុយសន្សំរបស់នាងទាំងអស់មានទាំងកាក់និងក្រដាសប្រាក់ទក់ៗជាច្រើនទៅទិញទូរស័ព្ទមួយគ្រឿងតែម្នាក់ឯងសម្រាប់រៀនតាម Online។
បើតាមសារព័ត៌មាន worldofbuzz បានឲ្យដឹងថា ហេតុការណ៍នេះកើតឡើងនៅក្នុងប្រទេសថៃ ហើយសកម្មភាពដ៏មោះមុតរបស់ក្មេងស្រីរូបនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ម្ចាស់ហាងទូរស័ព្ទ ហើយគេបានថតសកម្មភាពនេះបង្ហោះចូលទៅក្នុងបណ្ដាញសង្គមនិងមានការចែករំលែកតៗគ្នារហូតសារព័ត៌មានមួយចំនួនយកសាច់រឿងនេះទៅចុះផ្សាយទៀតផង។ ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើននាំគ្នាកោតសរសើរទឹកចិត្តស្រលាញ់ការសិក្សារបស់ក្មេងស្រី និងជូនពរឲ្យនាងទទួលបានជោគជ័យក្នុងការសិក្សាផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ worldofbuzz