ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កូវីដ១៩ធ្វើឲ្យកម្មករម៉ាឡេស៊ីជាច្រើនកំពុងរស់នៅយ៉ាងវេទនានៅសិង្ហបុរី ក្រោយបាត់បង់ការងារ អ្នកខ្លះមួយថ្ងៃសុខចិត្តហូបបាយតែ១ពេលប៉ុណ្ណោះ

    BY autoadmin June 8, 2020
    កូវីដ១៩ធ្វើឲ្យកម្មករម៉ាឡេស៊ីជាច្រើនកំពុងរស់នៅយ៉ាងវេទនានៅសិង្ហបុរី ក្រោយបាត់បង់ការងារ អ្នកខ្លះមួយថ្ងៃសុខចិត្តហូបបាយតែ១ពេលប៉ុណ្ណោះ

    សិង្ហបុរី៖ ក្រុមពលរដ្ឋម៉ាឡេស៊ីជាច្រើននាក់ត្រូវបានគេប្រទះឃើញរស់នៅយ៉ាងវេទនានៅក្នុងប្រទេសសិង្ហបុរី បន្ទាប់ពីពួកគាត់ត្រូវបាត់បង់ការងារព្រោះតែវិបត្តិនៃមេរោគកូវីដ ១៩ និងមិនអាចត្រលប់ទៅកាន់ប្រទេសកំណើតវិញបាន។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន channelnewsasia បានឲ្យដឹងថា ក្រុមពលរដ្ឋម៉ាឡេស៊ីទាំងនេះភាគច្រើនមកធ្វើការងារជាកម្មករសំណង់ និងរស់នៅក្នុងប្រទេសសិង្ហបុរីជាបណ្ណោះអាសន្ន។

    យ៉ាងណាក្តី ក្រោយការរាតត្បាតមេរោគកូវីដ ១៩ នៅក្នុងប្រទេសសិង្ហបុរីកាន់តែផ្ទុះខ្លាំងឡើងៗ ក្រុមហ៊ុនសាងសង់ជាច្រើនត្រូវបានបិទទ្វារផ្អាកដំណើរការយ៉ាងឆាប់រហ័ស ដែលធ្វើឲ្យកម្មការម៉ាឡេស៊ីជាច្រើនត្រូវបាត់បង់ការងារ​ និងមិនអាចត្រលប់ទៅប្រទេសកំណើតវិញបានព្រោះព្រំដែននៃប្រទេសទាំងពីរត្រូវបានបិទ ហើយនៅក្នុងប្រទេសម៉ាឡេស៊ីទៀតសោធក៏រដ្ឋាភិបាលក៏បានសម្រេចបិទប្រទេសមិនឲ្យពលរដ្ឋម៉ាឡេស៊ីអាចធ្វើដំណើរបានឆ្ងាយ ឬឆ្លងទីរដ្ឋមួយទៅរដ្ឋមួយបានឡើយ។

    លោក Muhd Hassan ជាកម្មករម៉ាឡេស៊ីម្នាក់ក្នុងចំណោមកម្មករជាច្រើននាក់ទៀតបានឲ្យដឹងថា រូបគាត់ខានបានជួបប្រពន្ធនិងកូនស្រី ២ នាក់ ដែលកំពុងរស់នៅក្នុងប្រទេសម៉ាឡេស៊ីអស់រយៈពេល ៧៥ ថ្ងៃមកហើយ ខណៈរូបគាត់ត្រូវរស់នៅយ៉ាងវេទនាក្នុងប្រទេសសិង្ហបុរី។ លោក Muhd Hassan បានបន្តថា គាត់នៅសល់លុយតិចតួចប៉ុណ្ណោះនៅក្នុងខ្លួនហើយត្រូវផ្ញើទៅប្រពន្ធកូនខ្លះផង ដូចនេះរូបគាត់សុខចិត្តញ៉ាំអាហារតែមួយពេលប៉ុណ្ណោះក្នុងមួយថ្ងៃ និងពេលខ្លះត្រូវគេងនៅតាមផ្លូវទៀតផង។

    លោក Muhd Hassan បានបញ្ជាក់ផងដែរថា គាត់ត្រូវបង្ខំចិត្តរស់នៅវេទនាដូចនេះមួយរយៈទៀតសិនក្រែងមានការងារធ្វើឡើងវិញ ហើយបើគាត់ព្យាយាមត្រលប់ទៅប្រទេសកំណើតវិញនៅពេលនេះក៏គាត់ត្រូវចំណាយលុយច្រើនណាស់ដែរ ដូចជាចំណាយលើការស្នាក់នៅដាច់ដោយឡែក ១៤ និងពេលទៅដល់ម៉ាឡេស៊ីវិញក៏គាត់គ្មានការងារធ្វើដែរ៕

     

    អត្ថបទ៖ភក្តី

    ប្រភព៖channelnewsasia

    Share This Post: