ប្រេស៊ីលសម្រេចឈប់បញ្ចេញតួលេខឆ្លងនិងស្លាប់សរុប នៃអ្នកជំងឺកូវីដ១៩ ខណៈពលរដ្ឋរិះគន់ថាមានចេតនាចង់លាក់បាំងតួលេខពិត
ប្រេស៊ីល៖ រដ្ឋាភិបាលនៃប្រទេសប្រេស៊ីលបានបញ្ឈប់ការផ្សព្វផ្សាយអនឡាញ អំពីការធ្វើបច្ចុប្បន្នភាពតួលេខអ្នកឆ្លង និងតួលេខអ្នកស្លាប់សរុប ដោយសារជំងឺ COVID-19 ដោយជាក់ស្ដែងកាលពីថ្ងៃសុក្រអាទិត្យមុននេះ រដ្ឋាភិបាលបានផ្អាកវេបសាយមួយ ដែលធ្លាប់តែធ្វើបច្ចុប្បន្នភាពតួលេខចំនួនឆ្លងប្រចាំខែ សប្ដាហ៍ និងប្រចាំថ្ងៃ ដោយមិនអាចឃើញតួលេខសរុបដូចមុននោះទេ។ សូមបញ្ជាក់ជូនថា កន្លងមកអាជ្ញាធរប្រទេសស៊ីលបានប្រើប្រាស់គេហទំព័រមួយដើម្បីចុះផ្សាយពីបច្ចុប្បន្នភាពនៃចំនួនអ្នកឆ្លងជំងឺ COVID-19 និងអ្នកស្លាប់ភ្លាមៗពេញ ២៤ ម៉ោង ដើម្បីជូនដំណឹងដល់សាធារណៈជនទទួលជ្រាបជាព័ត៌មានប្រចាំថៃ្ង។ ប៉ុន្តែយ៉ាងណាវានឹងមិនអាចមានការរាយការណ៍តទៅទៀតទេ ហើយការសម្រេចរបស់រដ្ឋាភិបាលកំពុងរងការរិះគន់យ៉ាងខ្លាំង។

លោក Jair Bolsonaro ប្រធានាធិបតីប្រេស៊ីល
ពលរដ្ឋប្រេស៊ីលបាននាំគ្នាធ្វើការរិះគន់ខ្លាំងៗថា ទង្វើរបស់រដ្ឋាភិបាលគឺមានចេតនាចង់លាក់បាំងតួលេខពិតនៃអ្នកជំងឺនិងអ្នកស្លាប់ដោយសារ COVID-19 ព្រោះតែរដ្ឋាភិបាលគ្មានសមត្ថភាពក្នុងការគ្រប់គ្រងការរាតត្បាតនៃជំងឺ។ អ្វីដែលពលរដ្ឋចង់បាននោះគឺការចុះផ្សាយពីតួលេខអ្នកជំងឺ COVID-19 និងអ្នកស្លាប់ជាការសរុបតួលេខប្រចាំថ្ងៃ ប្រចាំសប្តាហ៍ និងប្រចាំខែ ប្រកបដោយភាពច្បាស់លាស់ និងត្រឹមត្រូវបំផុតផងដែរ។ សូមបញ្ជាក់ជូនថា បើយោងតាមគេហទំព័រ Worldometers បានឲ្យដឹងថា គិតមកដល់ពេលនេះប្រេស៊ីលមានអ្នកជំងឺ COVID-19 សរុបចំនួន ៦៩១ ៩៦២ ករណី និងស្លាប់ចំនួន ៣៧ ៣១២ ករណីផងដែរ (តួលេខនេះអាចមានការប្រែប្រួលព្រោះកំណើនអ្នកឆ្លងថ្មីនិងស្លាប់នៅប្រទេសស៊ីលកើនឡើងយ៉ាងឆាប់រហ័ស) ចំនួននេះធ្វើឲ្យប្រេស៊ីលមានករណីច្រើនបំផុតនៅក្នុងពិភពលោក ដេញពីក្រោយអាមេរិកតែមួយប៉ុណ្ណោះ៕


អត្ថបទ៖ ភក្តី
ប្រភព៖ dailymail