នូវែលសេឡង់នឹងបន្ធូរបន្ថយរាល់ការរឹតត្បឹតទាំងអស់នៅយប់នេះ បន្ទាប់ពីរកមិនឃើញអ្នកឆ្លងកូវីដ១៩ ថ្មីរយៈពេល ១៧ ថ្ងៃជាប់គ្នា
នាយករដ្ឋមន្រ្តីនូវែលសេឡង់ Jacinda Ardern បាននិយាយនៅថ្ងៃច័ន្ទ ទី០៨ ខែមិថុនា ឆ្នាំ២០២០នេះថា រាល់ការរឹតបន្តឹងដែលនៅសេសសល់របស់នូវែលសេឡង់ ដែលត្រូវបានដាក់លើប្រជាជននិងអាជីវកម្ម លើកលែងតែតាមច្រកចេញចូលនៅក្នុងប្រទេស នឹងត្រូវបានបន្ធូរបន្ថយនៅពាក់កណ្ដាលអធ្រាត្រថ្ងៃច័ន្ទនេះផ្ទាល់។ មុននេះពួកគេក៏បានរាយការណ៍ថា អ្នកជំងឺ COVID-19 ចុងក្រោយរបស់ខ្លួនបានជាសះស្បើយរួចហើយ ដែលវាជាជោគជ័យមួយសម្រាប់ប្រទេស ដែលទទួលបានការកោតសរសើរលើការគ្រប់គ្រងរោគរាតត្បាតមួយនេះ។

ការបន្ធូរបន្ថយបានចាប់ផ្ដើមតាំងពីថ្ងៃទី១៤ ខែឧសភា ប៉ុន្តែវាត្រូវបានធ្វើឡើងជាដំណាក់កាល ហើយនៅថ្ងៃច័ន្ទនេះពួកគេក៏បានសម្រេចថានឹងបន្ធូរបន្ថយដល់កម្រិតទី១។ ដូច្នេះនៅក្នុងកម្រិតទី១ ពលរដ្ឋគ្រប់គ្នាគឺគ្រាន់តែតម្រូវឱ្យពិនិត្យថា ខ្លួនបានជួបនរណាខ្លះប៉ុណ្ណោះ ដោយមិនមានការហាមឃាត់ច្រើនដូចពីមុននោះទេ។ គួរឱ្យដឹងដែរថា នូវែលសេឡង់បានកត់ត្រាករណីឆ្លង COVID-19 សរុបចំនួន ១,៥០៤ នាក់ និងការស្លាប់សរុប ២២នាក់ ហើយរយៈពេល១៧ថ្ងៃមកហើយ ដែលប្រទេសនេះមិនមានករណីថ្មីៗនោះទេ៕



អត្ថបទ៖ លីដា
ប្រភព៖ The Straits Times