នាយករោងចក្រនៅរុស្ស៊ីដែលធ្វើឱ្យប្រេងមាស៊ូត ២០,០០០តោន ហូរចូលទន្លេក្នុងតំបន់អាក់ទិក ត្រូវប្រឈមនឹងការជាប់គុករយៈពេល៥ឆ្នាំ
នាយករោងចក្រថាមពលមួយនៅក្នុងតំបន់អាក់ទិក ត្រូវប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំ បន្ទាប់ពីមានការលេចធ្លាយប្រេងដ៏ច្រើនមហិមាចូលទៅក្នុងទន្លេក្នុងតំបន់។ គួររំលឹកផងដែរថា នាពេលថ្មីៗនេះប្រទេសរុស្ស៊ីបានប្រកាសអាសន្នជាបន្ទាន់ បន្ទាប់ពីប្រេងម៉ាស៊ូតប្រហែល ២០,០០០ តោន ត្រូវបានបែកធ្លាយចេញពីរោងចក្រថាមពល ហើយវាបានបណ្ដាលឱ្យមានការបំពុលដល់ផ្លូវទឹកនៅភាគខាងជើងប្រទេសរុស្ស៊ី។ ដូច្នេះអាជ្ញាធរបានប្រកាសនៅថ្ងៃច័ន្ទនេះថា លោក Vyacheslav Starostin ដែលជានាយករោងចក្រនឹងត្រូវជាប់គុក ៥ឆ្នាំ ពីបទរំលោភលើច្បាប់ការពារបរិស្ថាន ប្រសិនបើរកឃើញថាមានពិរុទ្ធ។

ប្រេងម៉ាស៊ូតជាង ២០,០០០ តោន បានបែកធ្លាយចូលទៅក្នុងតំបន់ដែលបរិស្ថានទន់ខ្សោយងាយរងគ្រោះ នៅក្នុងតំបន់ Norilsk បន្ទាប់ពីធុងស្តុកបានរលំ កាលពីថ្ងៃទី២៩ ខែឧសភា ដែលបង្កការភ័យខ្លាចដល់បរិស្ថាន និងសត្វព្រៃនៅទីនោះ។ ប្រេងម៉ាស៊ូតបានបំពុលដល់ផ្លូវទឹកក្នុងតំបន់ ហើយកំពុងគំរាមកំហែងឈានដល់មហាសមុទ្រអាក់ទិកទៀតផង។ ឥឡូវនេះបុគ្គលិកសង្គ្រោះបានដាក់ពង្រាយកម្លាំង ដើម្បីរារាំងប្រេងមិនឱ្យរាលដាលបន្ថែមទៀតចូលទៅក្នុងទន្លេ Ambarnaya ដែលជាដៃទន្លេនៃបឹង Pyasino ។ បឹងនោះក៏ជាអ្នកផ្គត់ផ្គង់ទឹកឱ្យទន្លេមួយ ដែលហូរកាត់ទៅសមុទ្រការ៉ា (Kara Sea) នៃតំបន់អាក់ទិក៕




អត្ថបទ៖ លីដា
ប្រភព៖ Deutsche Welle