ពលរដ្ឋកូរ៉េខាងត្បូងច្រើនជាង ១០០នាក់ ត្រូវអង្គុយប្រឡងនៅកណ្ដាលទីលានបាល់ទាត់ ដើម្បីរក្សាគម្លាតនៅក្នុងសម័យកូវីដ១៩
ជំងឺរាតត្បាតជាសកល COVID-19 គិតមកទល់ពេលនេះនៅមិនទាន់ស្ងប់ស្ងាត់វិញនៅឡើយទេ ដូច្នេះមនុស្សនៅទូទាំងពិភពលោកនៅតែបន្ដការពារសុខភាពរបស់ពួកគេ ដូចជាការមិនមានការជួបជុំ ការរក្សាអនាម័យ ការពាក់ម៉ាស់ និងការរក្សាគម្លាតជាដើម។ ជាក់ស្ដែងនាពេលថ្មីៗនេះនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក យើងឃើញថា មានរូបភាពប៉ុន្មានរូបកំពុងត្រូវបានគេចាប់អារម្មណ៍ ដែលវាបានបង្ហាញពីការប្រឡងនៅក្នុងទីលានបាល់ទាត់ ដើម្បីរក្សាគម្លាតពីគ្នានៅក្នុងសម័យមានរោគរាតត្បាតអាក្រក់មួយនេះ។

នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកមានមនុស្សជាច្រើនបានយល់ច្រឡំថា វាជាការប្រឡងរបស់សិស្សនៅកូរ៉េខាងត្បូង ប៉ុន្តែវាមិនមែននោះទេ ពីព្រោះនៅកូរ៉េខាងត្បូងទើបតែបើកសាលារៀនវិញនាពេលថ្មីៗនេះប៉ុណ្ណោះ ហើយក៏មិនទាន់មានការប្រឡងអ្វីគួរឱ្យកត់សម្គាល់នោះដែរ។ ការពិតរូបភាពទាំងនោះគឺមានតាំងតែពីដើមខែមេសា នៅពេលដែលអ្នកស្វែងរកការងារប្រមាណជាង ១០០នាក់ ប្រឡងចូលធ្វើការដោយយកទីលានបាល់ទាត់ជាទីតាំង ដើម្បីងាយស្រួលអនុវត្តការរក្សាគម្លាត។
ការធ្វើតេស្តនៅខាងក្រៅវាលល្ហល្ហេវនេះ គឺជាផ្នែកមួយនៃដំណើរការជ្រើសរើសបុគ្គលិកនៅក្រុមហ៊ុន Ansan Urban Corp របស់ទីក្រុង Ansan ភាគខាងត្បូងនៃរដ្ឋធានីសេអ៊ូល។ ក្រុមហ៊ុនបានសម្រេចចិត្តធ្វើតេស្តនេះ ដើម្បីជួយការពារការរីករាលដាលនៃមេរោគឆ្លង COVID-19 ព្រោះថានៅអំឡុងពេលនោះប្រទេសកូរ៉េខាងត្បូងក៏កំពុងស្ថិតនៅក្នុងអំឡុងពេលមានការឆ្លងជំងឺខ្លាំងផងដែរ៕



អត្ថបទ៖ លីដា
ប្រភព៖ Korea Herald