អង្គការសុខភាពពិភពលោកនិយាយថា ៤០% នៃអ្នកឆ្លងជំងឺកូវីដ១៩ គឺឆ្លងពីអ្នកមិនចេញរោគសញ្ញា
អង្គការសុខភាពពិភពលោកនិយាយថា ការសិក្សាបានបង្ហាញថាប្រហែលជា ៤០% នៃការឆ្លងជំងឺ COVID-19 គឺឆ្លងបន្ដមកពីអ្នកជំងឺដែលមិនចេញរោគសញ្ញា។ ប្រធានកម្មវិធីភាពបន្ទាន់ផ្នែកសុខភាពរបស់ WHO លោក Michael Ryan និងប្រធានបច្ចេកទេសសម្រាប់ការឆ្លើយតបនឹងវីរុសកូរ៉ូណាអ្នកស្រី Maria Van Kerkhove បានលាតត្រដាងរឿងនេះ នៅអំឡុងសំណួរនិងចម្លើយនៅលើបណ្តាញសង្គមកាលពីថ្ងៃអង្គារ។

អ្នកស្រី Maria Van Kerkhove បានឱ្យដឹងថា អ្នកជំងឺដែលមិនចេញរោគសញ្ញាក៏អាចចម្លងមេរោគបានដែរ ហើយទំហំនៃការឆ្លងក៏មិនខុសពីអ្នកមានរោគសញ្ញាដូចគ្នា។ អ្នកស្រីបានណែនាំប្រជាជននៅតំបន់ដែលមានការឆ្លងរាលដាលខ្លាំងឱ្យមានការពាក់ម៉ាស់ពេលនៅក្រៅ នៅពេលដែលពួកគេមិនអាចអនុវត្តការរក្សាគម្លាតបាន។
ចំណែកលោក Michael Ryan បានកត់សម្គាល់ថា ករណីជាច្រើនចុងក្រោយត្រូវបានគេរកឃើញនៅក្លឹបហាត់ប្រាណ និងខារ៉ាអូខេនៅប្រទេសជប៉ុន។ គាត់បានចង្អុលបង្ហាញថា ជំងឺនេះមាននៅក្នុងបំពង់ផ្លូវដង្ហើមផ្នែកខាងលើជិតនឹងមាត់ ដែលមិនដូចមេរោគ MERS និង SARS ទេ។ គាត់បានបន្ថែមទៀតថា វីរុសអាចចម្លងបាននៅពេលអ្នកមេរោគនិយាយខ្លាំងៗ ឬដកដង្ហើមធំ អំឡុងពេលហាត់ប្រាណពិបាកៗ ដូច្នេះការចម្លងនឹងកើតមានឡើង៕



អត្ថបទ៖ លីដា
ប្រភព៖ NHK