កងកម្លាំងឆ្មាំការពារជាតិរបស់អាមេរិកមួយចំនួន បានឆ្លងជំងឺកូវីដ១៩ បន្ទាប់ពីឈរជើងនៅតាមទីតាំងមានការតវ៉ាចំពោះការស្លាប់លោក George Floyd
យោងតាមការចុះផ្សាយរបស់ The Straits Times នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា សមាជិកមួយចំនួននៃកងកម្លាំងឆ្មាំការពារជាតិរបស់ទីក្រុងវ៉ាស៊ីនតោន បានធ្វើតេស្តវិជ្ជមានជាមួយជំងឺ COVID-19 បន្ទាប់ពីពួកគេបានល្បាតកម្លាំងនៅតាមទីតាំង ដែលមានការតវ៉ាចំពោះការស្លាប់របស់លោក George Floyd នាពេលថ្មីៗនេះ។ អ្នកនាំពាក្យរបស់កងម្លាំងឆ្មាំងការពារជាតិបាននិយាយថា ការរកឃើញនេះបានកើតឡើងនៅពេលដែលកងកម្លាំងប្រមាណ ១,៧០០នាក់ ត្រូវបានគេដាក់ពង្រាយនៅសេតវិមាន និងទីតាំងផ្សេងទៀត ខណៈនៅទូទាំងសហរដ្ឋអាមេរិកមានការតវ៉ាពីគ្រប់ទីកន្លែង។

កងកម្លាំងត្រូវបានដាក់ពង្រាយដើម្បីការពារការលួចទ្រព្យសម្បត្តិ និងអំពើហិង្សាផ្សេងៗ ហើយមុនចូលមកចល័តក្នុងទីក្រុងវ៉ាស៊ីនតោន ក្រុមកងកម្លាំងឆ្មាំងការពារជាតិទាំងនោះក៏បានធ្វើតេស្ដរកមេរោគរួចហើយដែរ។ ប៉ុន្តែយ៉ាងណាក៏ដោយវាមិនអាចការពារបានគ្រប់ជ្រុងជ្រោយនោះទេ នៅចំពេលដែលអ្នកតវ៉ាខ្លះពាក់ម៉ាស់ និងខ្លះទៀតមិនបានការពារ ដូច្នេះក្រុមកងកម្លាំងខ្លះក៏ចូលទៅក្នុងហ្វូងបាតុករដោយមិនបានការពារខ្លួននោះដែរ។ រំលឹកដែរថាសហរដ្ឋអាមេរិកគឺជាប្រទេសតែ១គត់ក្នុងពិភពលោក ដែលមានករណីឆ្លងនិងស្លាប់ដោយសារជំងឺ COVID-19 ច្រើនបំផុត ជាមួយការឆ្លងជាង ២លាននាក់ និងស្លាប់ជាង ១១ម៉ឺននាក់៕



អត្ថបទ៖ លីដា
ប្រភព៖ The Straits Times