តឿមិនអត់ប្រយោជន៍ទេ! ភោជនីយដ្ឋានមួយនៅម៉ាឡេស៊ី ផ្តល់ជូនសាច់ឥតគិតថ្លៃបើនាំមិត្តភក្តិតឿៗទៅញ៉ាំអាហារជាមួយ
ម៉ាឡេស៊ី៖ ការនិយាយចំអន់បែបលេងសើចចំពោះក្រុមមនុស្ស ដែលមិនសូវបានកម្ពស់ត្រូវបានគេប្រទះឃើញកើតមានឡើងនៅក្នុងបណ្តាញសង្គម Facebook ជាហូរហែមួយរយៈពេលចុងក្រោយនេះ។ ជាទូទៅគេបានប្រើពាក្យថា “កាតឿ” សម្រាប់និយាយបង្អាប់បែបលេងសើចក្នុងចំណោមមិត្តភក្តិជិតស្និតពេលពួកគេមានសកម្មភាពអ្វីម្យ៉ាងទាក់ទងនឹងការប្រើកម្ពស់ដូចជា ពេលឈោងចាប់យកវត្ថុនៅទីខ្ពស់មិនដល់ ពេលស្លៀកសំលៀកបំពាក់វែងសម្រុងខ្លួន ឬពេលពួកគេឈរក្នុងចំណោមមនុស្សខ្ពស់ៗជាដើម ទាំងជាក់ស្តែងសម្ពស់របស់ពួកគេហាក់មិនទាបណាស់ណានោះទេ។ ព្រោះតែពាក្យថា “កាតឿ” បានក្លាយជាប្រធានបទពេញនិយមនៅក្នុងបណ្តាញសង្គម ស្រាប់តែមានភោជនីយដ្ឋានមួយកន្លែងសម្រេចយកពាក្យចំអន់លេងនេះទៅធ្វើជាប្រូម៉ូសិនដ៏គួរឲ្យចាប់អារម្មណ៍មួយតែម្តង។

ភោជនីយដ្ឋានមួយនេះមានឈ្មោះថា Wo Men Zhe Yi Guo មានទីតាំងស្ថិតនៅក្នុងក្រុង Kuching នៃប្រទេសម៉ាឡេស៊ី ហើយប្រូម៉ូសិនដ៏ពិសេសរបស់ភោជនីយដ្ឋាននោះគឺ ប្រសិនបើលោកអ្នកមកញ៉ាំអាហារជាមួយមិត្តភក្តិតឿៗលោកអ្នកនឹងទទួលបានការផ្តល់ជូននូវសាច់ជ្រូកហាន់ជាចំណីតស្ដើងៗតំរៀបគ្នាប្រវែងមួយម៉ែត្រដោយឥតគិតថ្លៃភ្លាមតែម្តង។ យ៉ាងណាក្តី កម្ពស់របស់មនុស្សតឿដែលភោជនីយដ្ឋានបានកំណត់នោះគឺ មនុស្សប្រុសត្រូវមានកម្ពស់ទាបជាង ១,៦៥ ម៉ែត្រ និងមនុស្សស្រីត្រូវមានកម្ពស់ទាបជាង ១,៥៥ ម៉ែត្រ ហើយដើម្បីទទួលបានប្រូម៉ូសិននេះពួកគេត្រូវតែទៅឈរវាស់កម្ពស់នៅកន្លែងវាស់កម្ពស់ដែលមាននៅក្នុងភោជនីយដ្ឋានស្រាប់តែម្តង៕


អត្ថបទ៖ ភក្តី
ប្រភព៖ worldofbuzz