និស្សិតម្នាក់លោតសម្លាប់ខ្លួនពីលើអាគារសាកលវិទ្យាល័យ ក្រោយអនុរក្សចាប់បានលួចមើលព្រុយយ៉ុងពេលប្រលង
ចិន៖ និស្សិតម្នាក់បានលោតសម្លាប់ខ្លួនពីលើអាគារសាកលវិទ្យាល័យ ក្រោយពេលអ្នកត្រួតពិនិត្យការប្រលងចាប់បានគាត់ព្យាយាមលួចមើលព្រុយយ៉ុងក្នុងអំឡុងពេលប្រលង។ បើតាមសារព័ត៌មាន worldofbuzz បានរាយការណ៍ថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងសាកលវិទ្យាល័យ North University of China នៅក្នុងខេត្ត Shanxi ភាគខាងជើងប្រទេសចិន។

ប្រភពខាងលើបានបន្តថា និស្សិតរងគ្រោះមានឈ្មោះថា Shi អាយុ ២០ ឆ្នាំ ហើយកំហុសដែលនិស្សិតរូបនេះបានប្រព្រឹត្តិនោះគឺគាត់បានព្យាយាមលួចមើលចម្លើយវិញ្ញាសារតាមរយៈទូរស័ព្ទដៃដែលគាត់បានលាក់ទុកនៅក្រោមកៅអីប្រលង។
ក្រោយចាប់បានកំហុសមួយនេះ អ្នកត្រួតពិនិត្យការប្រលងបានដកឯកសារប្រលងពីនិស្សិតរងគ្រោះយកទៅទុក ហើយភ្លាមនោះរូបគាត់បានអង្គុយយំនៅក្នុងបន្ទប់ប្រលងប្រមាណជា ២០ នាទី និងក្រោយមកទៀតគាត់បានលោតចុះពីលើអាគារសាកលវិទ្យាល័យដើម្បីសម្លាប់ខ្លួនតែម្តង។ មុនពេលលោតសម្លាប់ខ្លួននិស្សិត Shi បានផ្ញើសារចុងក្រោយមួយនៅកាន់ម្តាយរបស់គាត់ ដែលមានខ្លឹមសារ យ៉ាងខ្លីថា “ម៉ាក់កូនសូមទោស”។
ក្រោយការស្លាប់របស់និស្សិតរូបនេះ ក្រុមគ្រួសាររបស់គាត់និងអ្នកប្រើប្រាស់បណ្តាញសង្គមចិនមួយចំនួនបាននាំគ្នាធ្វើការរិះគន់ចំពោះអ្នកត្រួតពិនិត្យការប្រលងរបស់សាកលវិទ្យាល័យខាងលើថា ពួកគេមិនចេះលួងលោមនិស្សិត មិនយល់ពីអារម្មណ៍និស្សិត និងតាមដានមើលនិស្សិតឲ្យបានដិតដល់ ទើបធ្វើឲ្យនិស្សិតរងគ្រោះមានសម្ពាធផ្លូវចិត្តធ្ងន់ធ្ងររហូតដាច់ចិត្តគិតខ្លីសម្លាប់ខ្លួនដូចនេះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ worldofbuzz