ប៉ូលីសម្នាក់ដែលពាក់ព័ន្ធនឹងការស្លាប់របស់លោក George Floyd ត្រូវបានគេដោះលែងឱ្យនៅក្រៅឃុំ
យោងតាមគេហទំព័រពន្ធនាគារ Hennepin County បានឱ្យដឹងថា Thomas Lane (ថូម៉ាស ឡេន) អតីតមន្រ្តីប៉ូលីសនៅ Minneapolis របស់រដ្ឋ Minnesota សហរដ្ឋអាមេរិក ដែលជាប់ពាក់ព័ន្ធនឹងមរណភាពរបស់លោក George Floyd ត្រូវបានដោះលែងឱ្យនៅក្រៅឃុំកាលពីថ្ងៃពុធ។ រំលឹកដែរថា Thomas Lane អាយុ ៣៧ឆ្នាំ ត្រូវបានគេមើលឃើញថា បានជួយ Derek Chauvin ក្នុងការសង្កត់ចាប់លោក George Floyd ហើយក្រោយមកក៏ត្រូវចោទប្រកាន់ពីបទជួយ និងសម្លាប់មនុស្សកម្រិត២។

គួរឱ្យដឹងដែរថា អ្នកដែលបានសម្លាប់បុរសស្បែកខ្មៅលោក George Floyd គឺអតីតប៉ូលីសឈ្មោះថា Derek Chauvin ដោយពេលនោះអតីតប៉ូលីសរូបនោះបានប្រើជង្គង់សង្កត់ករបស់លោក George Floyd រយៈពេលជាង ៨នាទី ហើយក្រោយមកជាប់ចោទពីបទសម្លាប់មនុស្សកម្រិតទី២ និងឃាតកម្មកម្រិតទី៣។ ទង្វើរបស់ប៉ូលីសទាំង ៤នាក់ បានបង្កជាកំហឹងនៅទូទាំងពិភពលោកទាក់ទងនឹងការរើសអើងជាតិសាសន៍ ដែលធ្វើឱ្យមានការតវ៉ាទូទាំងពិភពលោក ដើម្បីបញ្ឈប់ការរើសអើង និងភាពអយុត្តិធម៌ក្នុងប្រព័ន្ធតុលាការអាមេរិក៕

អតីតប៉ូលីសទាំង ៤ ដែលជាប់ទាក់ទងនឹងការស្លាប់របស់លោក George Floyd

Derek Chauvin អ្នកដែលបានសង្កត់កលោក George Floyd

ជនរងគ្រោះលោក George Floyd
អត្ថបទ៖ លីដា
ប្រភព៖ CGTN