ម៉ាឡេស៊ីហាមមិនឲ្យពលរដ្ឋយកកូនតូចៗចេញក្រៅផ្ទះ ឬដើរផ្សារឡើយ ទោះបីស្ថានភាពជំងឺកូវីដ ១៩ បានល្អប្រសើរច្រើនក៏ដោយ
ម៉ាឡេស៊ី៖ ក្រសួងសុខាភិបាលម៉ាឡេស៊ីបានជូនដំណឹងសាជាថ្មីម្តងទៀតទៅកាន់ប្រជាពលរដ្ឋគ្រប់រូបថា ពួកគេមិនគួរយកកូនតូចចេញក្រៅផ្ទះ ឬយកទៅតាមពេលដើរផ្សារឡើយ បើទោះជារដ្ឋាភិបាលបានសម្រេចដកការរឹតបន្ដឹងប្រទេសពីវិបត្តិនៃជំងឺកូវីដ ១៩ ហើយក៏ដោយ។ សូមរម្លឹកជូនថា កន្លងមកដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ រដ្ឋាភិបាលម៉ាឡេស៊ីបានសម្រេចដាក់ចេញនូវវិធានការតឹងរឹងជាច្រើន ដូចជាមិនឲ្យពលរដ្ឋចេញពីផ្ទះបើគ្មានការអនុញ្ញាត មិនឲ្យធ្វើដំណើរឆ្ងាយពីផ្ទះឬឆ្លងពីរដ្ឋមួយទៅរដ្ឋមួយ និងហាមមិនឲ្យធ្វើដំណើរឬជួបជុំគ្នាក្នុងចំណោមមនុស្សច្រើនជាដើម ហើយជនណាដែលហ៊ានបំពានបំរាមទាំងនេះនឹងត្រូវទទួលទោសនិងពិន័យជាប្រាក់ទៀតផង។

យ៉ាងណាក្តី កាលពីពេលថ្មីៗនេះអាជ្ញាធរម៉ាឡេស៊ីបានសម្រេចលុបចោលវិធានការតឹងរឹងនិងការពិន័យជាច្រើន ទើបពលរដ្ឋម៉ាឡេស៊ីបានសួរថា តើពួកគេអាចនាំយកកូនតូចៗចេញក្រៅបានហើយឬយ៉ាងណា? ឆ្លើយតបនឹងការសាកសួរនេះហើយទើបក្រសួងសុខាពិបាលម៉ាឡេស៊ីបានព្រមានជាថ្មីថា ក្មេងតូចនៅតែមានហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺកូវីដ ១៩ ព្រោះពួកគេមិនចេះការពារខ្លួនដូចមនុស្សចាស់នោះទេ ហើយបើពួកគេបានឆ្លងជំងឺហើយក៏ពិបាកព្យាបាលជាងមនុស្សចាស់ដែរ ដូចនេះហើយឪពុកម្តាយមិនគួរនាំយកកូនតូចចេញក្រៅនោះទេ បើទោះជាមិនមានការផាកពិន័យជាប្រាក់ក៏ដោយ៕

អត្ថបទ៖ ភក្តី
ប្រភព៖ worldofbuzz