សហរដ្ឋអាមេរិកមានតួលេខស្លាប់ដោយសារកូវីដ១៩ ច្រើនជាងប្រទេសចិនដែលជាប្រភពនៃជំងឺ ១០០ដង
ខណៈការតវ៉ាជុំវិញការស្លាប់របស់លោក George Floyd នៅសហរដ្ឋអាមេរិកនៅតែបន្ដដែលធ្វើឱ្យមានភាពចលាចលពេញប្រទេស ឥឡូវនេះអាមេរិកបានបំបែកកំណត់ត្រាថ្មីមួយទៀត ដោយមានអ្នកស្លាប់ដោយសារ COVID-19 រហូតដល់ទៅ ៣៤០នាក់ ក្នុងចំណោមពលរដ្ឋអាមេរិក ១លាននាក់ នេះបើតាមការចុះផ្សាយរបស់ The Time កាលពីថ្ងៃពុធកន្លងទៅថ្មីៗនេះ។ អ្វីដែលសំខាន់គឺរដ្ឋ New York និង New Jersey មានតួលេខទាំងការស្លាប់និងការឆ្លងប្រចាំថ្ងៃច្រើនបំផុត ទោះបីជាទីកន្លែងទាំងនោះមានការគ្រប់គ្រងក្នុងទំហំធំយ៉ាងណាក៏ដោយ។
![]()
ប្រសិនបើក្រឡេកទៅមើលប្រទេសចិនដែលជំងឺ COVID-19 បានបង្ហាញវត្តមានដំបូងនៅទីក្រុងវូហាន កាលពីខែធ្នូ ចុងឆ្នាំ២០១៩ យើងឃើញថាប្រទេសចិនមិនមានការឆ្លងឬស្លាប់ច្រើននោះទេ បើប្រៀបទៅសហរដ្ឋអាមេរិក។ ពោលគឺប្រទេសចិនអាចគ្រប់គ្រងការស្លាប់ឱ្យនៅត្រឹម ៤,៦៥៦នាក់ ខណៈសហរដ្ឋអាមេរិកដែលធ្លាប់បន្ទោសប្រទេសចិនថាគ្រប់គ្រងជំងឺមិនកើត មានអ្នកស្លាប់សរុបរហូតដល់ទៅ ១១ម៉ឺននាក់ និងឆ្លងរហូតដល់ទៅជាង ២ លាននាក់។ នោះមានន័យថា គិតជាមធ្យមប្រទេសចិនមានការស្លាប់តែ ៣.៣២នាក់ ក្នុងចំណោមមនុស្ស ១លាននាក់។
វាមិនមែនតែប្រទេសចិននោះទេដែលអាចគ្រប់គ្រងជំងឺឱ្យមានការស្លាប់ទាបបំផុតមួយ សូម្បីតែអូស្ដ្រាលី អាល្លឺម៉ង់ និងក្រិច សុទ្ធតែអាចគ្រប់គ្រងឱ្យមានការស្លាប់គិតជាភាគរយទាបជាងអាមេរិកទាំងអស់។ នៅក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក អូស្រ្តាលី ម៉ុងហ្គោលី ញូវហ្សេឡែន សាំងហ្គាពួរ កូរ៉េខាងត្បូង និងថៃ សុទ្ធតែអាចរក្សាការស្លាប់របស់ពួកគេឱ្យមានត្រឹម ៧នាក់ ក្នុងមួយលាននាក់។ ចំណែកវៀតណាម ដែលមានប្រជាជនសរុបរហូតដល់ទៅ ៩៦លាននាក់ មានការឆ្លងតិចតួច និងគ្មានការស្លាប់ទាល់តែសោះ ពោលគឺក្រៅពីសហរដ្ឋអាមេរិក ប្រទេសភាគច្រើនគ្មានការស្លាប់ដោយសារ COVID-19 ច្រើននោះទេ៕


![]()


អត្ថបទ៖ លីដា
ប្រភព៖ CGTN