ម្យ៉ាងដែរ! ក្លឹបរាត្រីនៅហូឡង់បើកដំណើរការឡើងវិញ តែភ្ញៀវចូលត្រូវអង្គុយរាំលើកៅអីមួយកន្លែង ដើម្បីរក្សាគំលាតសង្គម
ហូឡង់៖ ជាធម្មតាក្លឹបរាត្រីគឺជាកន្លែងប្រមូលផ្ដុំមនុស្សយ៉ាងច្រើនកកកុញឲ្យមកជួបជុំគ្នាទទួលទានគ្រឿងស្រវឹង និងរាំលេងយ៉ាងអ៊ូអរ។ យ៉ាងណាក្តី ក្នុងសម័យកាលដែលមានការរាតត្បាតនៃជំងឺកូវីដ ១៩ នេះ ក្លឹបរាត្រីត្រូវបានបិទទ្វារជាបណ្ណោះអាសន្នមួយរយៈ ហើយទើបតែកាលពីពេលថ្មីៗនេះមានក្លឹមរាត្រីនៅតាមបណ្តាប្រទេសមួយចំនួនត្រូវបានអនុញ្ញាតឲ្យបើកទ្វារឡើងវិញ តែត្រូវអនុវត្តវិធានតឹងរឹងមួយចំនួនដែលលោកអ្នកស្ទើរតែស្មានមិនដល់។

ជាក់ស្តែងក្លឹបរាត្រីមួយកន្លែងនៅក្នុងក្រុង Nijmegen ប្រទេសហូឡង់ ត្រូវបានគេប្រទះឃើញបើកអាជីវកម្មរបសខ្លួនឡើងវិញតាំងពីថ្ងៃទី ៦ មិថុនាមក តែក្លឹបត្រូវអនុវត្តវិធានការមួយចំនួនដូចជា៖
-មិនត្រូវឲ្យមានមនុស្សចូលលើសពី ៣០ នាក់ក្នុងពេលតែមួយនោះទេ
-អតិថិជនទាំងអស់ត្រូវអង្គុយនៅលើកៅអីដែលគេបានរៀបចំទុកនិងអាចរាំអង្គុយបាន តែមិនអនុញ្ញាតឲ្យដើរនិងរាំដោយសេរីនោះទេ
-ត្រូវរក្សាគំលាតពីគ្នាឲ្យបាន ១,៥ ម៉ែត្រជានិច្ច
-ត្រូវកក់ទីតាំងកៅអីសម្រាប់អង្គុយជាមុន ព្រោះកៅអីមានកំណត់ត្រឹមតែ ៣០ ប៉ុណ្ណោះ។
គួរបញ្ជាក់ជូនថា គិតមកទល់នឹងពេលនេះហូឡង់មានអ្នកជំងឺកូវីដ ១៩ ចំនួន ៤៨ ៤៦១ ករណី និងស្លាប់ចំនួន ៦ ០៥៣ ករណីផងដែរ។ លោកអ្នកអាចទស្សនាទិដ្ឋភាពក្នុងក្លឹបរាត្រីក្នុងប្រទេសហូឡង់ដែលបើកដំណើរក្នុងសម័យកូវីដ ១៩ ដូចក្នុងវីដេអូខាងក្រោមនេះ៖

អត្ថបទ៖ ភក្តី
ប្រភព៖ worldofbuzz