អ្នកជិះម៉ូតូអូតូទាល់តែឧស្សាហ៍មើលចំណុចទាំងនេះ ទើបម៉ូតូមិនសូវស៊ីសាំង
- May 8, 2018
បច្ចុប្បន្ននេះយើងសង្កេតឃើញប្រជាជនជាច្រើនចូលចិត្តប្រើប្រាស់ម៉ូតូក្នុងធ្វើដំណើរ ដោយសារតែវាចំណាយតិច និងចំណេញពេលវេលាក្នុងការធ្វើដំណើរ។ ហើយម៉ូតូក៏មានច្រើនប្រភេទ ច្រើនម៉ូដែលផងដែរ ប៉ុន្ដែភាគច្រើនប្រភេទម៉ូតូមានចង្កឹះលេខគឺដំណើរការដោយប្រព័ន្ធបេនសាំង ឯម៉ូតូអូតូ (គ្មានចង្កឹះលេខ) ភាគច្រើនគឺដំណើរការដោយប្រព័ន្ធប៊ិចសាំង (Fuel Injection)។

តាមរយៈកិច្ចសំភាសន៍រវាងក្នុងការងារខ្មែរណូតជាមួយនឹងលោក ភួង ភារ៉ា ជាងម៉ូតូមួយរូបនៅឯក្រុងតាខ្មៅបានលើកឡើងថា កម្រិតស៊ីសាំងនៃប្រភេទម៉ូតូទាំងពីរនេះគឺមិនដូចគ្នាឡើយ ហើយជាធម្មតាម៉ូតូដែលមានប្រព័ន្ធប៊ិចសាំង (FI) គឺស៊ីតិចជាងម៉ូតូបេន។ ប៉ុន្ដែ ស្របពេលជាមួយគ្នានេះ វាក៏ទាមទារឲ្យមានការថែរក្សាខ្ពស់ដែរ ពោលគឺប្រសិនបើម៉ូតូអូតូរបស់អ្នកស៊ីសាំងខ្លាំងជាងមុន នោះអ្នកត្រូវឆែកមើលគ្រឿងមួយចំនួននេះ៖
1/ អ៊ែរ៖ សម្រាប់ចំណុចនេះអ្នកអាចឆែកមើលដោយខ្លួនឯងបាន មិនបាច់រកជាងឡើយ។ ប្រសិនបើអ៊ែរម៉ូតូរបស់អ្នកពោរពេញទៅដោយដី រឺសើមទៀត នោះអ្នកត្រូវប្ដូរវាចេញ។ កាលណាអ៊ែរស្ទះ គឺអាចធ្វើឲ្យម៉ូតូដំណើរការមិនរលូន ប្រព័ន្ធខ្យល់រត់មិនបានល្អ ដែលជាហេតុនាំឲ្យម៉ាស៊ីនប្រឹងជាងមុន និងស៊ីសាំងខ្លាំងជាងមុនដែរ។

2/ ម៉ូទ័របូមសាំង៖ ប្រព័ន្ធប៊ិចសាំង (FI) គឺមានភ្ជាប់មកជាមួយនឹងម៉ូទ័របូមសាំង ដើម្បីកំណត់លើកម្រឹតស៊ីសាំងនៃម៉ាស៊ីន ខុសពីម៉ូតូបេនដែលបង្ហូរសាំងយកតែម្ដង។ កាលណាម៉ូទ័របូមសាំងខូច ការកំណត់លើកម្រឹតស៊ីសាំងនឹងខុស ហើយប្រសិនបើវាខូចខ្លាំងមែនទែន នោះម៉ូតូនឹងឈប់ដំណើរការតែម្ដង។

3/ ប៊ិចសាំង៖ ស្របពេលជាមួយនឹងម៉ូទ័របូមសាំងជាអ្នកកំណត់សាំង ប៊ិចសាំងគឺជាអ្នកបញ្ជូន និងបាញ់ចូលម៉ាស៊ីន។ រាល់ពេលបញ្ឆេះប៊ិចសាំងមានតួនាទីបាញ់សាំងចូលក្នុងម៉ាស៊ីនដើម្បីបង្កើតចំហេះ។ ដូចនេះ ប្រសិនបើប៊ិចសាំងខូច នោះអ្នកនឹងមិនអាចបញ្ឆេះបានឡើយ តែបើទោះជាបញ្ឆេះបានក៏វាធ្វើការមិនបានល្អ និងស៊ីសាំងខុសធម្មតាដែរ។

ដើម្បីជៀសវាងបញ្ហាទាំងនេះកើតឡើង អ្នកគួរឧស្សាហ៍ឆែកមើលប្រព័ន្ធខ្យល់ (អ៊ែរ) ឲ្យបានញឹកញ៉ាប់បន្ដិច ហើយបើវាចាស់ខ្លាំង រឺសុទ្ធតែដី នោះអ្នកត្រូវប្ដូរវាចោលភ្លាម។ ក្រៅពីនេះ ចំពោះម៉ូទ័របូមសាំង និងប៊ិចសាំង គឺមិនមែនជាបញ្ហាចោទឡើយ (មិនងាយខូច) ប្រសិនបើអ្នកចាក់សាំងល្អ និងជិះកុំឲ្យអស់សាំងរលីងពីធុងពេក៕
អត្ថបទ៖ រដ្ឋា
- Share This Post:






