BREAKING NEWS! អ្នកឆ្លងកូវីដ១៩នៅទូទាំងពិភពលោកពេលនេះកើនឡើងដល់ ៨ លាននាក់ហើយ ខណៈការស្លាប់មានជាង ៤៣ ម៉ឺននាក់
យោងតាមការធ្វើបច្ចុប្បន្នភាពចុងក្រោយបង្អស់របស់គេហទំព័រ Worldometers សម្រាប់រសៀលថ្ងៃច័ន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២០ នាម៉ោង ១៥ និង ០០ នាទី (ម៉ោងនៅកម្ពុជា) បានឱ្យដឹងថា ករណីជំងឺរាតត្បាត COVID-19 នៅទូទាំងសកលលោកពេលនេះមានការកើនឡើងរហូតដល់ទៅ ៨លាននាក់ ខណៈការស្លាប់សរុបបានកើនឡើងដល់ជាង ៤៣០,០០០នាក់ និងចំនួនជាសះស្បើយបានកើនដល់ ៤.១ លាននាក់។

សហរដ្ឋអាមេរិកនៅតែជាប្រទេសឈរនៅកំពូលតារាង ដោយមានករណីទាំងការស្លាប់ និងការឆ្លងច្រើនជាងគេបំផុត ជាមួយនឹងករណីសរុបជាង ២.១ លាននាក់ និងស្លាប់ជាង ១១០,០០០នាក់។ ប្រទេសដែលមានការឆ្លងច្រើនបំផុតទី២ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងសរុបជាង ៨៦០,០០០នាក់ និងការស្លាប់ជាង ៤៣,០០០នាក់។ ប្រទេសដែលឈរលេខ៣ គឺប្រទេសរុស្ស៊ី ជាមួយនឹងករណីសរុបមានជាង ៥៣០,០០០នាក់ ប៉ុន្តែករណីស្លាប់នៅប្រទេសនេះមានតែ ៧,០០០នាក់ ប៉ុណ្ណោះ។
ប្រទេសឥណ្ឌាជាប្រទេសមួយដែលមានករណីហក់ឡើងខ្ពស់បំផុតនាពេលថ្មីៗចុងក្រោយនេះ ដោយបានឈរមកនៅលេខរៀងទី៤ ដែលជាប្រទេសមានការឆ្លងច្រើនបំផុតនៅលើពិភពលោក និងច្រើនជាងគេបំផុតនៅទ្វីបអាស៊ីទាំងមូល ជាមួយនឹងករណីសរុបមានដល់ទៅ ៣៣០,០០០នាក់ និងការស្លាប់មានសរុប ៩,៥០០នាក់៕




អត្ថបទ៖ លីដា
ប្រភព៖ Worldometers