បុរសម្នាក់ដឹងថាខ្លួនរស់នៅមិនបានយូរ បានរៀបចំឲ្យគេផ្ញើបាច់ផ្កាទៅកាន់ប្រពន្ធចំថ្ងៃពិសេសចំនួន ៣ ដងក្នុងមួយឆ្នាំ និងផ្ញើរៀងរាល់ឆ្នាំ ក្រោយពេលគាត់ស្លាប់
ហ្វីលីពីន៖ វប្បធម៌ជូនផ្កាទៅកាន់មនុស្សជាទីស្រលាញ់នៅក្នុងឱកាសពិសេសណាមួយមិនមែនកើតមានតែនៅក្នុងខ្សែភាពយន្តបែបរ៉ូមែនទិកនោះទេ តែមនុស្សមួយចំនួននៅក្នុងសង្គមជាក់ស្តែងក៏បានឲ្យតម្លៃចំពោះបាច់ផ្កានេះយ៉ាងខ្លាំងផងដែរ។ ដើម្បីបង្ហាញនូវសេចក្តីស្រលាញ់ជាទូទៅគេតែងសង្កេតឃើញ បុរសជូនផ្កាទៅកាន់មនុស្សស្រីជាទីស្រលាញ់របស់គាត់នៅក្នុងថ្ងៃទិវានៃសេចក្តីស្រលាញ់ (ថ្ងៃទី ១៤ ខែកុម្ភៈរៀងរាល់ឆ្នាំ) ថ្ងៃខួបកំណើតរបស់នាង និងនៅក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍ឬខួបមួយឆ្នាំនៃការបង្កើតសេ្នហាជាដើម។ ការជូនផ្កានេះទៀតសោធគឺស្ទើរតែ ១០០% ទៅហើយបានកើតមានឡើងក្នុងអំឡុងពេលដែលភាគីខាងបុរសនៅរស់មានជីវិតតែប៉ុណ្ណោះ ហើយវាកម្រណាស់ដែលមានមនុស្សប្រុសបានរៀបចំឲ្យគេផ្ញើផ្កាទៅឲ្យមនុស្សជាទីស្រលាញ់របស់គាត់បន្ទាប់ពីគាត់ស្លាប់បាត់បង់ជីវិតនោះ។

យ៉ាងណាក្តី បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន worldofbuzz បានរាយការណ៍ថា ករណីដ៏កម្របំផុតនេះបានកើតឡើងហើយនៅក្នុងប្រទេសហ្វីលីពីន និងបានកើតឡើងចំពោះប្តីប្រពន្ធចំណាស់មួយគូដែលមានកូនស្រីធំពេញវ័យម្នាក់រួចទៅហើយ។ ប្រភពខាងលើបានបន្តថា បុរសជាស្វាមីបានស្លាប់កាលពី ១០ ខែមុន ហើយមុនពេលស្លាប់រូបគាត់ផ្ទាល់ក៏បានដឹងដែរថា គាត់មិនអាចរស់បានយូរទៀតទេ។ ដោយដឹងខ្លួនមុនដូចនេះបុរសជាស្វាមីបានទាក់ទងទៅកាន់ហាងលក់ផ្កានិងបង់ថ្លៃរួចជាស្រេចដើម្បីទិញបាច់ផ្កា ៣ ដងក្នុងមួយឆ្នាំ គឺនៅក្នុងថ្ងៃទិវានៃសេចក្តីស្រលាញ់ ថ្ងៃខួបកំណើតប្រពន្ធរបស់គាត់ (ថ្ងៃទី ១០ មិថុនា) និងនៅក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍ (ថ្ងៃទី ១៩ ខែសីហា) ដើម្បីផ្ញើជូនទៅកាន់ប្រពន្ធរាល់ឆ្នាំដោយមិនឲ្យប្រពន្ធរបស់គាត់ដឹងខ្លួនមុនឡើង។
យ៉ាងណាក្តី ដើម្បីជួយសម្រួលក្នុងរឿងនេះគាត់ក៏ត្រូវការជំនួយពីកូនស្រីរបស់គាត់ដែរ គឺគាត់បានកំណត់ការផ្ញើ E-mail ទៅប្រាប់កូនស្រីគាត់ឲ្យដឹងពីរឿងនេះ និងរងចាំទទួលបាច់ផ្កាពីហាងលក់ផ្កាយកទៅជូនម្តាយរបស់នាងរាល់ឆ្នាំផងដែរ។ សម្រាប់ក្រុមអ្នកប្រើប្រាស់បណ្តាសង្គមហ្វីលីពីនបានបញ្ចេញមតិថា ស្រ្តីជាប្រពន្ធគឺជាមនុស្សសំណាងបំផុតក្នុងលោកព្រោះគាត់នៅតែអាចទទួលបាច់ផ្កាតំណាងឲ្យសេចក្តីស្រលាញ់មួយឆ្នាំ ៣ ដង ពេញមួយជីវិតរបស់គាត់ពីមនុស្សប្រុសម្នាក់ដែលបានស្លាប់បាត់ទៅហើយ៕

អត្ថបទ៖ ភក្តី
ប្រភព៖ worldofbuzz