ក្រុងព្យុងយ៉ាងបានប្តេជ្ញានឹងបញ្ជូនកងទ័ពទៅកាន់តំបន់គ្មានអាវុធ ហើយចាប់ផ្ដើមធ្វើសមយុទ្ធយោធានៅតំបន់ព្រំដែនឡើងវិញ បន្ទាប់ពីបានបំផ្ទុះការិយាល័យរួមកាលពីម្សិលមិញ
ក្រុងព្យុងយ៉ាងបានប្តេជ្ញាថា នឹងបញ្ជូនកងទ័ពត្រឡប់ទៅកាន់តំបន់គ្មានអាវុធ និងធ្វើសមយុទ្ធយោធានៅជិតព្រំដែន នៅចំពេលដែលជម្លោះជាមួយក្រុងសេអ៊ូលកាន់តែកើនឡើងកម្ដៅ ដែលឈានដល់ការបំផ្ទុះការិយាល័យរួមរវាងប្រទេសទាំង ២ ចោលកាលពីម្សិល។ យោងតាមសារព័ត៌មានយ៉ុនហាប់បានឱ្យដឹងថា ប្រទេសកូរ៉េខាងជើងនឹងពង្រាយកងទ័ពឡើងវិញនៅតំបន់ភ្នំ Kumgang និង Kaesong ហើយចាប់ផ្តើមធ្វើសមយុទ្ធយោធាទៀងទាត់គ្រប់ប្រភេទ។

គួរឱ្យដឹងដែរថា ភ្នំ Kumgang ដែលជារមណីយដ្ឋានមួយនៅឆ្នេរសមុទ្រភាគខាងជើង របស់កូរ៉េខាងជើង ក៏ដូចជាតំបន់ឧស្សាហកម្ម Kaesong គឺជាគម្រោងសេដ្ឋកិច្ចទ្វេភាគីដ៏សំខាន់ ២ ដែលធ្លាប់ជានិមិត្តរូបនៃការធ្វើសមាហរណកម្ម និងកិច្ចសហប្រតិបត្តិការរវាងទីក្រុងសេអ៊ូល និងព្យុងយ៉ាង។ ប៉ុន្តែយ៉ាងណាក៏ដោយ ក្ដីសង្ឃឹមទាំងនេះបានរលាយអស់ទៅវិញ នៅពេលដែលកូរ៉េខាងត្បូងអសមត្ថភាព ដើម្បីបញ្ឈប់ក្រុមសកម្មជនពីការបង្ហោះបាឡុងនៅតាមបណ្ដោយព្រំដែន។
មុននេះកូរ៉េខាងជើងក៏ទើបតែបានផ្តាច់ទំនាកទំនងទាំងអស់ជាមួយកូរ៉េខាងត្បូងផងដែរ ប៉ុន្តែបញ្ហាវាបានកើតឡើងជាបន្តបន្ទាប់ជាហូរហែរៀងមក៕



អត្ថបទ៖ លីដា
ប្រភព៖ RT