អង្គការសុខភាពពិភពលោក (WHO) ប្រកាសអបអរសាទរអង់គ្លេសរកឃើញថ្នាំ អាចព្យាបាលអ្នកជំងឺកូវីដ ១៩ ក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយថ្នាំនេះមានតម្លៃថោក និងងាយស្រួលរក
អង្គការសុខភាពពិភពលោក (WHO) បានស្វាគមន៍ចំពោះលទ្ធផលដំបូងនៃការសាកល្បងគ្លីនិក ពីចក្រភពអង់គ្លេស ដែលបានបង្ហាញថាថ្នាំ dexamethasone ដែលជាប្រភេទ corticosteroid អាចជួយសង្គ្រោះជីវិតអ្នកជំងឺ COVID-19 ដែលមានស្ថានភាពធ្ងន់ធ្ងរ។ នៅក្នុងការសាកល្បងបានបង្ហាញថា អ្នកជំងឺធ្ងន់ធ្ងរដែលត្រូវការឧបករណ៍ជំនួយដង្ហើម អាចកាត់បន្ថយហានិភ័យស្លាប់បាន ១ ភាគ ៣ ហើយអ្នកដែលត្រូវការអុកស៊ីសែន អាចកាត់បន្ថយការស្លាប់បាន ១ ភាគ ៥ ។ ប៉ុន្តែយ៉ាងណាថ្នាំនេះមានប្រសិទ្ធភាពខ្ពស់ សម្រាប់តែអ្នកដែលមានស្ថានភាពធ្ងន់ធ្ងរប៉ុណ្ណោះ។

នាយកគ្រប់គ្រង WHO លោក Tedros Adhanom Ghebreyesus បានមានប្រសាសន៍ថា៖ «វាគឺជាការព្យាបាលលើកដំបូង ដែលបង្ហាញពីការចុះថយហានិភ័យស្លាប់ចំពោះអ្នកជំងឺ COVID-19 ធ្ងន់ធ្ងរដែលត្រូវការឧបករណ៍ជំនួយដង្ហើម ឬ អុកស៊ីសែន»។ លោក Tedros បានបន្ដថា វាជាដំណឹងអស្ចារ្យមួយ ហើយគាត់ក៏សូមអបអរចំពោះរដ្ឋាភិបាលនៃចក្រភពអង់គ្លេស, សាកលវិទ្យាល័យ Oxford, មន្ទីរពេទ្យនិងអ្នកជំងឺនៅអង់គ្លេស ដែលបានរួមចំណែកនៅក្នុងការធ្វើតេស្ដនេះ។
គួរឱ្យដឹងដែរថាថ្នាំ Dexamethasone គឺជាប្រភេទថ្នាំ steroid ដែលត្រូវបានប្រើប្រាស់តាំងពី ឆ្នាំ១៩៦០ សម្រាប់ការរលាកក្នុងកម្រិតផ្សេងៗ បូករួមទាំងមហារីកផងដែរ។ វាត្រូវបានចុះក្នុងបញ្ជីថាជាថ្នាំសំខាន់ ដោយអង្គការសុខភាពពិភពលោក (Essential Medicines) ចាប់តាំងពីឆ្នាំ១៩៧៧ ហើយបច្ចុប្បន្ននេះងាយស្រួលរកទិញ និងមានតម្លៃសមរម្យនៅក្នុងប្រទេសភាគច្រើន៕


អត្ថបទ៖ លីដា
ប្រភព៖ អង្គការសុខភាពពិភពលោក