ក្រុមហ៊ុន Apple បិទហាងជាបណ្តោះអាសន្នឡើងវិញ បន្ទាប់ពីនៅអាមេរិកមានករណីកូវីដ១៩ កើនឡើងជាថ្មី
ប្រព័ន្ធផ្សព្វផ្សាយអាមេរិក USA Today បាននិយាយថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple នឹងបិទហាងនានារបស់ខ្លួនជាបណ្តោះអាសន្ននៅក្នុងរដ្ឋមួយចំនួន បន្ទាប់ពីមានករណីថ្មីៗនៃជំងឺ COVID-19 បានរីករាលដាលនៅរដ្ឋទាំងនោះ។ ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា ចាប់ពីថ្ងៃសៅរ៍នេះតទៅ ក្រុមហ៊ុននឹងបិទហាងចំនួន ១១ នៅទូទាំងរដ្ឋផ្លរីដា, Carolina ខាងជើង, Carolina ខាងត្បូង និងរដ្ឋ Arizona ។

ក្រុមហ៊ុន Apple ទើបតែបន្តប្រតិបត្តិការនៅតាមហាងទាំងនោះវិញប៉ុណ្ណោះ បន្ទាប់ពីរដ្ឋទាំងនោះបានចាប់ផ្តើមបើកដំណើរការសេដ្ឋកិច្ចរបស់ពួកគេឡើងវិញនៅប្រហែលខែឧសភា។ តាមសេចក្តីរាយការណ៍ Apple មានគម្រោងធ្វើឱ្យហាងដំណើរការរលូនឡើងវិញនៅពេលស្ថានភាពអំណោយផល។ ការសម្រេចចិត្តរបស់ក្រុមហ៊ុន Apple បានធ្វើឱ្យតម្លៃភាគហ៊ុនរង្គោះរង្គើនៅទីក្រុងញូវយ៉ក ដោយសារវិនិយោគិនបារម្ភថា ការលេចចេញជាថ្មីនៃចំនួន COVID-19 អាចប៉ះពាល់ដល់សេដ្ឋកិច្ច៕

អត្ថបទ៖ លីដា
ប្រភព៖ USA Today