មហាសេដ្ឋីចិនលុយរាប់ពាន់លានដុល្លារម្នាក់ត្រូវជាប់គុក៥ឆ្នាំ ក្រោយបានរួមភេទជាមួយក្មេងស្រីអាយុ ៩ឆ្នាំ ,មេខ្យល់ជាមិត្តភក្តិម្តាយក្មេងស្រីរងគ្រោះ
ចិន៖ មហាសេដ្ឋីលុយពាន់លានដុល្លារជនជាតិចិនមួយរូបត្រូវបានតុលាការកាត់ទោសឲ្យជាប់គុករយៈពេល ៥ ឆ្នាំក្រោយរូបគាត់បាធ្វើសកម្មភាពរំលោភផ្លូវភេទចំពោះកុមារីអាយុ ៩ ឆ្នាំម្នាក់។ បើយោងការចុះផ្សាយនៅក្នុងសារព័ត៌មាន Nextshark បានឲ្យដឹងថា មហាសេដ្ឋីរូបនេះមានឈ្មោះ Wang Zhenhua ជាអ្នកជំនួញផ្នែកអចលនទ្រព្យដ៏មានឥទ្ធិពលម្នាក់នៅក្នុងប្រទេសចិន ហើយសកម្មភាពរំលោភផ្លូវភេទនេះបានកើតឡើងតាំងពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅ ដោយមានស្រ្តីជាមេខ្យល់ម្នាក់ឈ្មោះ Zhou Yanfen បាននាំក្មេងស្រីរងគ្រោះឲ្យទៅជួបលោកមហាសេដ្ឋី Wang Zhenhua នៅក្នុងបន្ទប់សណ្ឋាគារលំដាប់ផ្កាយ ៥ មួយកន្លែងក្នុងទីក្រុងសៀងហៃ។

ប្រភពខាងលើបានបន្តថា ស្រ្តីជាមេខ្យល់នោះគឺជាមិត្តភក្តិរបស់ម្តាយក្មេងស្រីរងគ្រោះ ហើយក្នុងថ្ងៃកើតហេតុនោះស្រ្តីជាមេខ្យល់ក៏បាននាំប្អូនស្រីបង្កើតរបស់គាត់មា្នក់ឲ្យទៅជួបលោក Wang Zhenhua ផងដែរ។ យ៉ាងណាក្តី ម្តាយក្មេងស្រីរងគ្រោះមិនបានដឹងថា ស្រ្តីជាមេខ្យល់នាំកូនស្រីរបស់គាត់ឲ្យទៅរួមភេទជាមួយគេនោះទេ ដោយដឹងត្រឹមថាគេនាំកូនស្រីរបស់គាត់ទៅដើរលេងធម្មតាប៉ុណ្ណោះ តែតាមការពិតស្រ្តីជាមេខ្យល់បានរៀបគម្រោងយកក្មេងស្រីរងគ្រោះនិងប្អូនស្រីរបស់គាត់ឲ្យទៅរួមភេទជាមួយគេជាថ្នូរនឹងប្រាក់ ១០,០០០ យន់ (ប្រហែល ១,៤០០ ដុល្លារអាមេរិក)។
ក្រោយក្មេងស្រីរងគ្រោះត្រលប់មកដល់ផ្ទះវិញទើបម្តាយនាងដឹងការពិតនិងបានប្ដឹងប៉ូលិស រីឯលោក Wang Zhenhua ក៏ត្រូវបានចាប់ខ្លួន ហើយកាលពីពេលថ្មីៗនេះតុលាការបានសម្រេចឲ្យគាត់ជាប់គុក ៥ ឆ្នាំ ពីបទរួមភេទជាមួយក្មេងស្រីមិនទាន់គ្រប់អាយុ។ សូមបញ្ជាក់ថា លោក Wang Zhenhua មានក្រុមហ៊ុនធំៗជាច្រើននៅក្នុងដៃ ហើយគេបានព្យាករណ៍ថាគាត់អាចមានទ្រព្យសម្បត្តិសរុបប្រមាណជា ៦ ពាន់លានដុល្លារមេរិកផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ nextshark