ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ដំណឹងល្អ! អ្នកវិទ្យាសាស្រ្តចិនឈានដល់ការពិសោធន៍វ៉ាក់សាំងប្រឆាំងនឹងមេរោគកូវីដ ១៩ លើមនុស្សដំណាក់កាលទី២ ហើយ

    BY autoadmin June 22, 2020
    ដំណឹងល្អ! អ្នកវិទ្យាសាស្រ្តចិនឈានដល់ការពិសោធន៍វ៉ាក់សាំងប្រឆាំងនឹងមេរោគកូវីដ ១៩ លើមនុស្សដំណាក់កាលទី២ ហើយ

    ចិន៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia កាលពីថ្ងៃអាទិត្យ ទី២១ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា វិទ្យាស្ថានជីវវេជ្ជសាស្ត្រ នៅឯបណ្ឌិតសភាវិទ្យាសាស្ត្រវេជ្ជសាស្ត្រចិន បានឲ្យដឹងអំពីដំណឹងល្អមួយថា អ្នកវិទ្យាសាស្រ្តចិនបានឈានដល់ការពិសោធន៍វ៉ាក់សាំងជំងឺ COVID-19 លើរាងកាយមនុស្សដំណាក់កាលទី២ហើយ ខណៈលទ្ធភាពនៃការប្រើប្រាស់វ៉ាក់សាំងជាផ្លូវការក៏ត្រូវបានគេរំពឹងខ្ពស់ថា អាចនឹងកើតមានក្នុងពេលដ៏ឆាប់ខាងមុខនេះផងដែរ។

    បើតាមអង្គការសុខភាពពិភពលោកបានឲ្យដឹងថា បច្ចុប្បន្ននេះមានប្រទេសជាច្រើនបានកំពុងតែដុតដៃដុតជើងផលិត និងធ្វើតេស្តវ៉ាក់សាំងប្រឆាំងនឹងជំងឺ COVID-19 ជាបន្តបន្ទាប់ ដោយសារភាពមិនទៀងទាត់នៃការផ្ទុះឡើងថ្មីៗ។ យ៉ាងណាក្តីសម្រាប់ដំណឹងខាងលើនេះអាចជាសញ្ញាវិជ្ជមានមួយ ព្រោះចិនបានឈានដល់ដំណាក់កាលទី២ នៃការធ្វើតេស្តវ៉ាក់សាំងក្នុងរាងកាយមនុស្ស ប៉ុន្តែអ្វីដែលគួរឱ្យព្រួយបារម្ភគឺដំណាក់កាលទី៣ ដែលត្រូវការចំនួនអ្នកចូលរួមច្រើន មុនពេលវ៉ាក់សាំងអាចសម្រេចចេញជាផ្លូវការបាន។

    បើតាមការកត់សម្គាល់គេបានមើលឃើញថា ចិនមានលទ្ធភាពខ្ពស់ជាងប្រទេសផ្សេងៗក្នុងរកឃើញវ៉ាក់សាំងប្រឆាំងនឹងជំងឺ COVID-19 មុនគេ ព្រោះចិនហាក់មានភាពស្និតស្នាលជាមួយនឹងជំងឺ និងមានពេលវេលាល្អជាងគេក្នុងការរុករកវ៉ាក់សាំង ថ្វីបើក្នុងអំឡុងពេលនេះប្រទេសធំៗមួយចំនួននៅលើពិភពលោកកំពុងតែជាប់ដៃប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺ COVID-19 នៅឡើយ ប៉ុន្តែចិនអាចគ្រប់គ្រងការរាតត្បាតមេរោគនៅទូទាំងប្រទេសបានជោគជ័យរួចស្រេចទៅហើយ។

    អ្នកវិទ្យាសាស្ដ្រចិនសង្ឃឹមថា ពួកគេអាចចេញវ៉ាក់សាំងនេះនៅចុងឆ្នាំ២០២០ ប៉ុន្តែនឹងប្រើប្រាស់វាសាកល្បងដំបូងចំពោះអ្នកមានពិការភាព (special need) នៅក្នុងស្ថានការណ៍ដែលចាំបាច់។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះពិភពលោកទាំងមូលមានអ្នកជំងឺ COVID-19 សរុបប្រមាណជា ៨.៨១ លាននាក់ និងស្លាប់ជាង ៤៦០ ០០០ នាក់ផងដែរ៕

    អត្ថបទ៖ភក្តី

    ប្រភព៖ Channel News Asia , Global Times

    Share This Post: