ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ពលរដ្ឋនៅប្រទេសឈីលីបង្កើនការផលិតមឈូស នៅពេលដែលប្រទេសមួយនេះមានករណីកូវីដ១៩ កើនឡើងច្រើនឡើងៗ ហើយគ្មានបន្ទប់ ICU គ្រប់គ្រាន់នោះឡើយ

    BY autoadmin June 22, 2020
    ពលរដ្ឋនៅប្រទេសឈីលីបង្កើនការផលិតមឈូស នៅពេលដែលប្រទេសមួយនេះមានករណីកូវីដ១៩ កើនឡើងច្រើនឡើងៗ ហើយគ្មានបន្ទប់ ICU គ្រប់គ្រាន់នោះឡើយ

    ឈីលីបានក្លាយជាប្រទេសមានអ្នកឆ្លងជំងឺ COVID-19 ច្រើនបំផុតមួយក្នុងពិភពលោក ដែលធ្វើឱ្យគ្រួសារលក់មឈូសឈ្មោះថា Nicolás Bergerie ត្រូវបង្កើនការផលិតកម្មទ្វេដងរហូតដល់ទៅ ១០០ មឈូស ក្នុងមួយសប្ដាហ៍។ រហូតមកទល់ពេលនេះឈីលីមានករណី COVID-19 រហូតដល់ទៅ ២៣០,០០០ ករណី ហើយយ៉ាងហោចណាស់មានករណីចំនួន ៥,០០០ ត្រូវបានបញ្ជាក់មានវិជ្ជមានរៀងរាល់ថ្ងៃ ដែលបានធ្វើឱ្យវាឈរនៅលេខរៀងទី៩ ក្នុងពិភពលោក ថ្វីបើប្រទេសនេះមានពលរដ្ឋតែ ១៩ លាននាក់ក៏ដោយ។

    អ្វីដែលគួរឱ្យព្រួយបារម្ភបំផុតនោះគឺ ចំនួនគ្រែ ICU នៅក្នុងទីក្រុង Santiago រហូតដល់ទៅ ៩៦% ត្រូវបានបំពេញអស់រួចទៅហើយ ដែលវាបានធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ទៅៗ ដូច្នេះហើយការផលិតមឈូសដើម្បីឱ្យស្របទៅនឹងអ្វីដែលពួកគេកំពុងតែប្រឈមជារឿងចាំបាច់។ មិនមែនមានតែលោក Nicolás Bergerie ម្នាក់នោះទេដែលត្រូវបង្កើនការផលិតមឈូស ពលរដ្ឋឈីលីដទៃទៀតដែលមានរបរនេះសុទ្ធតែបង្កើនការផលិតរបស់ពួកគេ។

    គិតមកទល់ពេលនេះឈីលីមានអ្នកស្លាប់ដោយសារ COVID-19 ចំនួន ៤,០០០ នាក់ ហើយប្រទេសនេះទំនងមិនធ្លាប់ស្មានថា ខ្លួនអាចដើរដល់ចំណុចនេះនោះទេ។ ពីដំបូងប្រទេសនេះមានករណីតិចតួចបំផុត ដូច្នេះពួកគេមិនបានអនុវត្តការរក្សាគម្លាត និងបិទទ្វារសេដ្ឋកិច្ចអ្វីនោះទេ ហើយការប្រកាសរបស់រដ្ឋាភិបាលបានធ្វើឱ្យមានការយល់ច្រឡំថា ជំងឺមានភាពធ្ងន់ធ្ងរតែលើចាស់ជរា ប៉ុន្តែវាមិនមែនដូចដែលពួកគេគិតនោះទេ។

    វាកាន់តែអាក្រក់ឡើងនៅពេលដែលក្នុងចំណោមពលរដ្ឋឈីលីចំនួន ២០,០០០ នាក់ ដែលបានពិនិត្យរកមើលជំងឺ មាន ៣០% ទៅហើយដែលបានវិជ្ជមានជាមួយជំងឺ COVID-19 ហើយខណៈរដ្ឋាភិបាលបានអនុវត្តការរក្សាគម្លាត និងការរឹតត្បឹតយឺតខ្លាំងពេក វាបានធ្វើឱ្យចំនួនអ្នកឆ្លង COVID-19 នៅក្នុងប្រទេសនេះកើនឡើងដល់ទៅ ៦ដង ខណៈវិស័យសុខាភិបាលប្រទេសនេះបានដួលរលំ ដោយសារបញ្ហាខ្វះបន្ទប់ ICU បន្ថែម៕

    អត្ថបទ៖ លីដា
    ប្រភព៖ AP news

    Share This Post: