បុរស៤នាក់ត្រូវបានប៉ូលិសចាប់ខ្លួន ក្រោយរត់ពន្ធគ្រឿងញៀនពីសិង្ហបុរីទៅកាន់ម៉ាឡេស៊ី ដោយប្រើ Drone
សិង្ហបុរី៖ បុរសសិង្ហបុរីចំនួន ៤ នាក់ត្រូវបានចាប់ខ្លួនពីបទរត់ពន្ធគ្រឿងញៀនចេញពីប្រទេសសិង្ហបុរីកាន់ទឹកនៃប្រទេសម៉ាឡេស៊ី ខណៈប្រទេសដែលមានព្រំប្រទល់ជាប់គ្នាទាំងពីរត្រូវបិទទ្វារព្រំដែនរៀងៗខ្លួន ព្រោះតែវិបត្តិនៃជំងឺកូវីដ ១៩។ ស្ដាប់មើលទៅវាហាក់ដូចជាមិនអាចទៅរួចចំពោះករណីជួញដូរគ្រឿងញៀនអន្តរជាតិខណៈច្រកទ្វារព្រំដែននៃប្រទេសទាំងពីរត្រូវបានបិទ តែយ៉ាងណាក្តីសម្រាប់ទីតាំងភូមិសាស្ត្រនៃប្រទេសសិង្ហបុរីនិងម៉ាឡេស៊ីវាមិនមែនជាឧបគ្គឡើយ ព្រោះប្រទេសទាំងពីរគ្រាន់តែខណ្ឌចែកគ្នាដោយដៃសមុទ្រតូចមួយប៉ុណ្ណោះហើយឈ្មួញគ្រឿងញៀនបានប្រើប្រាស់បច្ចេកវិទ្យាដ៏ទំនើបគឺប្រើ Drone សម្រាប់ធ្វើជាមធ្យោបាយដឹកជញ្ជូនគ្រឿងញៀនឆ្លងព្រំដែន។

យ៉ាងណាក្តី ប៉ូលិសជំនាញសិង្ហបុរីបានប្រទះឃើញ Drone មួយគ្រឿងធ្វើការហោះហើរដោយគ្មានការអនុញ្ញាត និងដោយមានការសង្ស័យខ្លាំងក៏សម្រេចធ្វើការពិនិត្យមើល និងរកឃើញគ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន ១៧៨ ក្រាមភ្ជាប់នៅក្នុង Drone នោះ។ បន្ទាប់មកប៉ូលិសសិង្ហបុរីក៏បន្តធ្វើការស៊ើបអង្កេតនឹងឈានទៅស្វែករកឃើញឈ្មួញគ្រឿងញៀន ៤ នាក់ផ្សេងទៀត ដែលជាអ្នកបញ្ជាយន្តហោះ Drone និងអ្នកទទួលគ្រឿងញៀន ហើយក៏បន្តរឹបអូសបានរថយន្តមួយគ្រឿងនិងគ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន ៣៥ ក្រាម ហេរ៉ូអ៊ីន ៨ ក្រាម និងថ្នាំញៀនប្រភេទអេស្តាស៊ីលចំនួន ១៩៥ គ្រាប់បន្ថែមទៀត។ បច្ចុប្បន្នជនសង្ស័យទាំងអស់ត្រូវបានបញ្ជូនខ្លួនទៅកាន់តុលាការដើម្បីកាត់ទោសទៅតាមផ្លូច្បាប់៕

អត្ថបទ៖ ភក្តី
ប្រភព៖ straitstimes